ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកសិក្ខាសាលាស្ដីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល (DMS)» ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ពិធីបើកនេះដែរ ក៏មានអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងអភិបាលកិច្ច, អនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងអភិបាលកិច្ច, ព្រមសិក្ខាកាមជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ បានឱ្យដឹងថា សិក្ខាសាលាស្តីពី «ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល DMS នាពេលនេះ បានរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញ និងពង្រីកវិសាលភាព នៃការប្រើប្រាស់ប្រព័ន្ធលំហូរឯកសារ ក្នុងការចូលរួមចំណែកបដិវត្តកម្មឌីជីថល និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របតាមយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នៅតាមបណ្តាលអង្គភាពទាំងអស់ ក្រោមចំណុះក្រសួងមហាផ្ទៃ។
នាឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត បានលើកឡើងថា សិក្ខាសាសានេះ បានរៀបចំឡើង ដើម្បីបង្ហាញអំពីលំហូរឯកសាររដ្ឋបាល ព្រោះកិច្ចការងាររដ្ឋបាល គឺជាការសំខាន់មួយ ហើយក៏ជាកិច្ចការងារ ត្រូវបំពេញអនុវត្តជាប្រចាំថ្ងៃ នៅគ្រប់កម្រិត។
លោក បានរំលឹកថា នាពេលកន្លងមក ការធ្វើចរាចរណ៍ឯកសាររដ្ឋបាល បានធ្វើតាមបែបប្រពៃណី ដោយមានភាពស្មុគស្មាញ និងចំណាយពេលវេលាច្រើន។ ដោយមើលឃើញនូវបញ្ហាប្រឈមទាំងអស់នេះ ទើបថ្នាក់ដឹកនាំ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដាក់ទិសដៅដល់ក្រុមការងារជំនាញ ដើម្បីខិតខំប្រឹងប្រែងរៀបចំកម្មវិធី DMS នេះឡើង ដើម្បីជួយសម្រួលដល់ការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យមានលក្ខណជាទម្រង់ឌីជីថល។
លោកបន្ដថា ប្រព័ន្ធ DMS នេះ មានអត្ថប្រយោជន៍ជាច្រើន ដោយបញ្ជូលឯកសារដ្ឋបាល មានភាពរហ័ស និងចំណេញពេលវេលា ហើយរក្សាទុកឯកសារទាំងនោះ ជាទម្រង់ឌីជីថល។ លើសពីនេះ បានកាត់បន្ថយការកកស្ទះនូវឯកសារស្ទើទាំងស្រុង ព្រមទាំងងាយស្រួលរកឯកសារផងដែរ។
លោកបានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល DMS នេះ មានការគាំទ្រយ៉ាងពេញទំហំងពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសពី លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការជំរុញអំពីការប្រើប្រាស់ប្រព័ន្ធ DMS ឱ្យមានភាពទូលំទូលាយ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាស្ដីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល (DMS)» ចំនួន២ លើក , ដោយលើកទី១ ចាប់ពីថ្ងៃទី ២-៣ ខែមេសា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ចំនួន ១១៥រូប ហើយលើកនេះ គឺជាលើកទី២ ចាបពីថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ចំនួន ១៥៧រូប ផងដែរ៕