សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងនៃធម្មនុញ្ញសន្តិភាព»

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមគោរពជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាសកលសម្រាប់ភាពអត់ឱន និងសន្តិភាព (GCTP) ការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចសហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «សេចក្តីព្រាងនៃធម្មនុញ្ញសន្តិភាព» នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី ភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានសភាអន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាព (IPTP) និងដឹកនាំកិច្ចប្រជុំដោយ លោក អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារក្នុងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ភាព អត់ឱននិងសន្តិភាព លើកទី១១។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកសភាពីប្រទេសកម្ពុជា ឥណ្ឌា និង ស្រីលង្ការ ព្រមទាំងតំណាងពីក្រសួងពាក់ព័ន្ធ និងមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ (CFPD) ក៏ដូចជាអ្នកជំនាញជាតិ និងអន្តរជាតិពីអង្គការយូនីស្កូ សមាគមអន្តរជាតិនៃអ្នកជំនាញឯកជនភាព (IAPP) និងមូលនិធិ The Washington Times ដែលរួមមានអតីតរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រប៊ូតាន អញ្ជើញមកជួបប្រជុំដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះលើសេចក្តីព្រាងដំបូងនៃ «ធម្មនុញ្ញសន្តិភាព៖ សម្រាប់ ប្រជាជន និងភពផែនដី»។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានធ្វើបទបង្ហាញ ស្តីពីទិដ្ឋភាពទូទៅ និងមាគ៌ាអនាគតសម្រាប់សេចក្តីព្រាងទាំងមូលនៃធម្មនុញ្ញសន្តិភាព ដែលស្ថិតក្រោម សសរស្តម្ភសំខាន់ចំនួន៥ រួមមាន (១) ការទប់ស្កាត់ជម្លោះ (២) វឌ្ឍនភាពនៃការកសាងសន្តិភាពនិងកិច្ច សម្របសម្រួលល្អ (Good Offices) (៣) យុត្តិធម៌អន្តរកាល (៤) ការកសាងឡើងវិញក្រោយជម្លោះ និង (៥) សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមសន្តិភាព និងការបំផុសគំនិតរបស់ខ្លួន តាមរយៈការគោរព និងការជឿទុកចិត្តគ្នាក្នុងសហគមន៍ទាំងមូលនៃអាស៊ាន ដូចដែលបានគូសបញ្ជាក់នៅក្នុង ការបង្កើតធម្មនុញ្ញសន្តិភាពរវាងតួអង្គរដ្ឋ និងមិនមែនរដ្ឋជាដើម។ លោកបណ្ឌិតបានលើកឡើងថា ក្រោយការទប់ស្កាត់ជម្លោះ និងយុត្តិធម៌អន្តរកាល គឺទាមទារជាចាំបាច់នូវការបង្រួបបង្រួម និងការពិភាក្សាដោយ សន្តិវិធី ជាមួយនឹងលំហូរព័ត៌មានដោយសេរី ដើម្បីសម្រួលដល់ការដោះស្រាយជម្លោះទាំងមូល និងនៅក្នុង តំបន់ជាក់លាក់ណាមួយ។ ជាក់ស្តែង សក្តានុពលចម្បងនៃធម្មនុញ្ញសន្តិភាព គឺទាក់ទងទៅនឹងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់នេះ គឺជាការបំពេញបន្ថែមនៃសេចក្តីព្រាងបឋមនៃ ធម្មនុញ្ញសន្តិភាព ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព ក្នុងចំណោមកិច្ចសហប្រតិបត្តិការ និងភាព ជាដៃគូរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន តាមរយៈការផ្សព្វផ្សាយអភិក្រមទន់ ស្តីពី ការអភិវឌ្ឍដោយសន្តិភាព និងសាមគ្គីភាពអន្តរជាតិទូទាំងប្រទេស។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺ ដើម្បីប្រមូលគ្រប់ធាតុចូល និងការយល់ដឹង ពីអ្នកជំនាញទៅលើសេចក្តីព្រាងនៃឯកសារនេះ តាមរយៈការ កៀរគរ និងការធ្វើសមាហរណកម្មទៅក្នុងក្របខណ្ឌនៃការអនុវត្តកាន់តែប្រសើរនិងអាចធ្វើទៅបាន។ គោលគំនិត នៅក្នុងធម្មនុញ្ញមានគោលបំណងថែរក្សាសន្តិភាព ក៏ដូចជាពង្រឹងការដោះស្រាយជម្លោះ និងការរួមរស់ដោយ សន្តិសហវិជ្ជមានតាមរយៈការពង្រឹងកិច្ចសន្ទនាពហុភាគី និងភាពជាដៃគូពហុភាគី ដោយឈរលើយុត្តិធម៌ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ នៅក្នុងន័យនេះ កិច្ចប្រជុំ មានគោលបំណងលើកទឹកចិត្ត ឱ្យមានបរិយាកាសជជែកពិភាក្សាបើកចំហ និងសហការគ្នាដើម្បីបង្កើតធម្មនុញ្ញសន្តិភាព ដែលបង្កប់នូវ គោលការណ៍ពហុភាគីនិយម ភាពត្រឹមត្រូវ យុត្តិធម៌ និងវិបុលភាពរួម សំដៅឈានទៅបង្កើតបរិយាកាសដែល មានសន្តិភាព ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំនេះបានបន្តជាមួយនឹងកិច្ចពិភាក្សាតុមូល ដែលផ្តោតទៅលើការកសាងសន្តិភាពអចិន្ត្រៃយ៍ក្នុង កិច្ចខិតខំប្រឹងប្រែងរួមរវាងតួអង្គរដ្ឋនិងមិនមែនរដ្ឋ និងដំណើរការសន្តិភាពយូរអង្វែង ក្នុងការសម្របសម្រួល ដោយសន្តិវិធីរវាងរដ្ឋតូចនិងរដ្ឋតូច។ កិច្ចប្រជុំពិគ្រោះយោបល់បានបញ្ចប់ដោយទទួលបាននូវធាតុចូលគន្លឹះ ពីសមាជិកសភានិងអ្នកជំនាញមកពីប្រទេសមួយចំនួនជាសមាជិក IPTP ទាក់ទងនឹង (១) សន្តិភាព និងការ បង្រួបបង្រួមជាតិ (២)សន្តិភាពសកល និងសិទ្ធមនុស្ស (៣)ប្រព័ន្ធច្បាប់ទូទៅ និង (៤) យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print