លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន

ចែករំលែក៖

សាធារណរដ្ឋប្រជាមានិតចិន៖ នាថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសកម្ពុជាជាច្រើនរូប ជួបទទួលទានអាហារជាមួយ លោក Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) ព្រមទាំងបន្តជួបជាមួយ លោក Wu Hao អគ្គលេខាធិការ នៃ NDRC ដើម្បីពិភាក្សាលើការងារអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា។

ជំនួបនាឱកាសនេះត្រូវបានរៀចចំឡើងដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការងារអភិវឌ្ឍន៍គម្រោងវិនិយោគមួយចំនួនដែលវិនិយោគិនចិនបានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាឱ្យគម្រោងការងារទាំងអស់អាចអនុវត្តទៅដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិវិធីការងាររវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឱ្យគម្រោងទាំងអស់សម្រេចបានឆាប់រហ័ស ដើម្បីបម្រើប្រយោជន៍ជាតិកម្ពុជា។ ជាក់ស្ដែងដូចជាគម្រោងព្រែកជីកហ្វូណនតេជោ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិនបានបង្ហាញការប្តេជ្ញាចិត្តនឹងជួយជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគក្នុងគម្រោងនេះអនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ២០២៨។

 

គួរឱ្យដឹងដែរថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដ៏ទៃទៀតត្រូវបានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះបានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print