បោះឆ្នោតឆ្នាំ១៩៥៨ មានតែគណបក្សប្រជាជន មួយប៉ុណ្ណោះ ដែលហ៊ានចូលប្រកួតប្រជែងជាមួយចលនាសង្គមរាស្ត្រនិយម

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីចលនាសង្គមរាស្ត្រនិយមឡើងកាន់អំណាច ប្រទេសបារាំង បានជួយកសាងកំពង់ផែមួយ នៅក្រុងព្រះសីហនុ ព្រមទាំងអាកាសយានដ្ឋានពោធិ៍ចិនតុង និងមន្ទីរពេទ្យកាល់ម៉ែត ផងដែរ។ ចំណែក សហរដ្ឋអាមេរិក ទោះបីមិនអាចបញ្ចុះបញ្ចូលឱ្យសម្តេចសីហនុ បោះបង់គោលនយោបាយអព្យាក្រឹតចោល មកចូលរួមជាមួយអង្គការសេអាតូ(SEATO) ដូចបំណងរបស់ខ្លួន ក៏ដោយ ក៏ប្រទេសមហាអំណាចមួយនេះ បានជួយកសាងផ្លូវជាតិលេខ៤ ពីក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ ដែរ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៥៧ សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត បានជួយកសាងមន្ទីរពេទ្យដ៏ធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ ឱ្យប្រទេសកម្ពុជា គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) មានគ្រែសម្រាប់អ្នកជំងឺចំនួន៥០០គ្រឿង និងបំពាក់ឧបករណ៍បរិក្ខារគ្រប់បែបយ៉ាងទាំងស្រុង។
ប្រទេសប៉ូឡូញ បានជួយឧបត្ថម្ភគ្រឿងបរិក្ខារវះកាត់ទំនើបដល់មន្ទីរពេទ្យខេត្តកំពង់ចាម ខណៈប្រទេសឆេកូស្លូវ៉ាគី បានផ្តល់រោងចក្រអគ្គិសនីមួយ នៅចាក់អង្រែ។
នៅក្នុងខែធ្នូ ឆ្នាំ១៩៥៧ សហរដ្ឋអាមេរិក ផ្តល់រថយន្តហ្ស៊ីប ចំនួន១០គ្រឿង និងរថយន្តសម្រាប់បញ្ចាំងភាពយន្តចល័តមួយគ្រឿងទៀត។ បន្ទាប់មកទៀត សហភាពសូវៀត ក៏បានផ្តល់ឧទ្ធម្ភាគចក្រ មួយគ្រឿងដែរ។
ដោយសារមានតំណាងរាស្រ្តរបស់ចលនាសង្គមរាស្ត្រនិយម មួយចំនួន គប់គិតគ្នាប្រព្រឹត្តអំពើពុករលួយ ក្នុងឆ្នាំ១៩៥៨ សម្ដេចសីហនុ បានប្រកាសរំលាយសភា កើតចេញពីការបោះឆ្នោតកាលពីខែកញ្ញា ឆ្នាំ១៩៥៥នោះចោល ហើយរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ម្ដងទៀត ដោយមានការកាត់បន្ថយចំនួនអាសនៈនៅក្នុងសភា ចំនួន៩១អាសនៈ មកនៅត្រឹម៦១អាសនៈប៉ុណ្ណោះ។ បេក្ខជនតំណាងរាស្រ្តរបស់ចលនាសង្គមរាស្ត្រនិយមទាំងអស់ សម្ដេចសីហនុ ជាអ្នកតែងតាំង។ ពេលបោះឆ្នោត ក្នុងឆ្នាំ១៩៥៨ នោះ នៅសល់តែគណបក្សប្រជាជន មួយប៉ុណ្ណោះ ដែលហ៊ានចូលប្រកួតប្រជែងជាមួយចលនាសង្គមរាស្ត្រនិយម បន្តទៀត។
ចំណែកគណបក្សប្រជាធិបតេយ្យ ដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងការបោះឆ្នោត តាំងពីឆ្នាំ១៩៤៧ តែនៅក្នុងការបោះឆ្នោតឆ្នាំ១៩៥៥ ត្រូវបរាជ័យ សូម្បីតែ១អាសនៈនៅក្នុងសភា ក៏មិនទទួលបានផងនោះ ត្រូវរលាយបាត់ស្រមោលពីឆាកនយោបាយ។
ពេលនោះ គណបក្សប្រជាជន បានដាក់បេក្ខជនរបស់ខ្លួននៅទូទាំងប្រទេស ចំនួនតែ៥នាក់ប៉ុណ្ណោះ គឺនៅក្នុងក្រុងភ្នំពេញម្នាក់, នៅខេត្តបាត់ដំបង ម្នាក់, នៅខេត្តកំពត ម្នាក់, នៅខេត្តស្វាយរៀង ម្នាក់ និងនៅខេត្តតាកែវ ម្នាក់ ហើយបេក្ខជនទាំង៥នាក់នេះ មិនហ៊ានបើកវេទិកាឃោសនារកសំឡេងឆ្នោត ដូចបេក្ខជនរបស់ចលនាសង្គមរាស្រ្តនិយម ឡើយ។
លទ្ធផលចុងក្រោយ នៅមណ្ឌលក្រុងភ្នំពេញ កែវ មាស មេដឹកនាំគណបក្សប្រជាជន ដ៏មានប្រជាប្រិយភាពឈរឈ្មោះជាបេក្ខជននោះ ទទួលបានសំឡេងគាំទ្រតែ៣៦៩សំឡេងប៉ុណ្ណោះ។ កែវ មាស មេដឹកនាំគណបក្សប្រជាជន ធ្វើនយោបាយស្របច្បាប់ តែមានតួនាទីសម្ងាត់ជាមេដឹកនាំគណៈកម្មាធិការបក្សប្រជាជនបដិវត្តន៍ខ្មែរ នៅទីក្រុងភ្នំពេញ ជំនួសមុខឱ្យទូ សាមុត ដែលបានគេចខ្លួនទៅរស់នៅក្នុងជំរំតស៊ូក្នុងព្រៃមួយ ។
បើទោះបី កែវ មាស មិនបានជាប់ឆ្នោតជាតំណាងរាស្ត្រ នៅពេលនោះ ក៏ដោយ ក៏គាត់ត្រូវប្រឈមនឹងគ្រោះថ្នាក់ពីការតាមព្យាបាទពីសំណាក់មេដឹកនាំចលនាសង្គមរាស្ត្រនិយម ដែរ។ គាត់បានចាកចេញពីទីក្រុងភ្នំពេញ ទៅរស់នៅ ក្នុងជំរំតស៊ូក្នុងព្រៃ នៅខេត្តស្វាយរៀង ក្បែរព្រំប្រទល់ប្រទេសវៀតណាម។ បន្ទាប់មក គាត់ក៏សម្រេចចិត្តចាកចេញពីមាតុភូមិ ទៅរស់នៅទីក្រុងហាណូយ ជាមួយសឺង ង៉ុកមិញ និងអតីតអ្នកតស៊ូ ដែលស្និទ្ធនឹងពួកវៀតមិញ ប្រមាណជាង១០០០នាក់ ដែលបានចាកចេញពីមាតុប្រទេស កាលពីឆ្នាំ១៩៥៤ នោះ តែម្តងទៅ។ ដូច្នេះ សាឡុត ស ក៏កាន់តែមានតួនាទីសំខាន់ក្នុងការដឹកនាំគណៈកម្មាធិការបក្សទីក្រុងភ្នំពេញ បន្តពី កែវ មាស ចាប់ពីពេលនោះមក។
លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៨នោះ ចលនាសង្គមរាស្ត្រនិយមឈ្នះឆ្នោតទទួលបានអាសនៈ៦១លើ៦១ នៅក្នុងរដ្ឋសភា។ ការបោះឆ្នោតនេះ គឺជាប្រវត្តិសាស្ត្រដំបូងបង្អស់ ដែលស្ត្រីម្នាក់ ឈ្មោះពុង ប៉េងចេង នាមដើម ស៊ីវ អេងតុង បានជាប់ឆ្នោតជាតំណាងរាស្ត្រ ។

បន្ទាប់មក ព្រះមហាក្សត្រនរោត្តម សុរាម្រិត បានចេញព្រះរាជក្រឹត្យមួយ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៨ តែងតាំងរាជរដ្ឋាភិបាលថ្មីមួយ ដោយមាន ស៊ឹម វ៉ា ជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារប្រទេស និងជារដ្ឋមន្ត្រីទទួលបន្ទុកបោសសម្អាតទូទៅ, ញឹក ជូឡុង ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកសេដ្ឋកិច្ច និងផលិតផល រដ្ឋមន្ត្រីផែនការ សាធារណការ ប្រៃយសណីយ៍ ទូរគមនាគមន៍ និងទេសចរណ៍, ផូ ព្រឿង រដ្ឋមន្ត្រីការងារ សង្គមកិច្ច និងទេសចរណ៍, ជា ជិនកុក រដ្ឋមន្ដ្រីប្រតិភូអមទីស្តីការនាយករដ្ឋមន្ត្រី ទទួលបន្ទុកកំណែទម្រង់, ទូច គីម រដ្ឋមន្ត្រីហិរញ្ញវត្ថុ, ទ្រឿង កាង រដ្ឋមន្ត្រីការបរទេស, អ៊ុំ សម រដ្ឋមន្ត្រីយុត្តិធម៌, ទឹម ងួន រដ្ឋមន្ត្រីមហាផ្ទៃ និងការពារលើផ្ទៃប្រទេស, ញឹម សុផល រដ្ឋលេខាធិការសុខាភិបាល, ជួប ហ៊ែល រដ្ឋលេខាធិការកសិកម្ម, ផ្លែក ឆាត រដ្ឋលេខាធិការផែនការ សាធារណការ និងទេសចរណ៍, ទឹម ដុង រដ្ឋលេខាធិការឃោសនាការ, ចៅ សេង រដ្ឋលេខាធិការសិក្សាធិការជាតិ ,អ៊ឹង ហុងសាធ ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ហ៊ូ យន់ រដ្ឋលេខាធិការឧស្សាហកម្ម និងពាណិជ្ជកម្ម និងហ៊ីង កន្ធែល រដ្ឋលេខាធិការការពារប្រទេស។
ក្នុងគណៈរដ្ឋមន្រ្តីនេះ គេសង្កេតឃើញនិស្សិតមាននិន្នាការឆ្វេងនិយម២នាក់ ទើបមកពីប្រទេសបារាំង គឺ ហ៊ូ យន់ បានចេញមុខជាលើកដំបូង ក្នុងតំណែងជារដ្ឋលេខាធិការឧស្សាហកម្ម និងពាណិជ្ជកម្ម និងចៅ សេង រដ្ឋលេខាធិការសិក្សាធិការជាតិ ៕

...

ដោយ ៖ លោក ឈឹម សេរីភួន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print