លោក ស៊ុន ចាន់ថុល ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន

ចែករំលែក៖

សាធារណរដ្ឋប្រជាមានិតចិន៖ កាលពីរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ម្សិលមុិញ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសកម្ពុជាជាច្រើនរូប បានជួបពិភាក្សាការងារជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន។

ក្នុងជំនួបនេះ គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និងប្រកបដោយលទ្ធផលផ្លែផ្កាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ចិន។

លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលហុចផលវិជ្ជមានពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។ បន្ថែមពីនេះ “ខ្សែក្រវាត់ និងផ្លូវ” និង “គោលនយោបាយចិនតែមួយ” ក៏ជាប្រធានបទដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាការឆ្លើយតបលើការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ភាគីចិនបានសន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងគាំទ្រនិងបន្តជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក Li Xiaopeng បានគូសបញ្ជាក់អំពីក្ដីសង្ឃឹមយ៉ាងមុតមាំថាភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា-ចិន បានប្រកបដោយចីរភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print