គ្រឹះស្ថានអង្គរលុបចោលទាំងស្រុងនូវព័ត៌មានតម្រូវ ពីភ្ញៀវទេសចរអន្តរជាតិ សម្រាប់សំបុត្ររយៈពេល ១ថ្ងៃ

ចែករំលែក៖

ខេត្តសៀមរាប ៖ គ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ។

​បើតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤បានឲ្យដឹងថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យអនុវត្តការកែទម្រង់ ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ ដែលការកែទម្រង់ដំណាក់កាលទី១នេះ មានដូចខាងក្រោម៖

លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុ និងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ថ្ងៃ សម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុប ចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណ ពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូល ប្រាសាទវិញ។

គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងន័យដូចបានជម្រាបជូនខាងលើ សូមគ្រប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានភ្ញៀវទេសចរអន្តរជាតិ បានធ្វើការកក់ (Booking) រួចហើយ នូវបណ្ណរយៈពេល៣ថ្ងៃ និង៧ថ្ងៃ ត្រូវផ្តល់នូវចំនួនភ្ញៀវទេសចរដែលបានកក់រួចនេះ មកគ្រឹះស្ថានអង្គរឲ្យបានមុនថ្ងៃប្រកាសដាក់ឲ្យអនុវត្តដំណាក់កាលទី១ នៃការកែទម្រង់ខាងលើនេះ ដើម្បីឲ្យគ្រឹះស្ថានអង្គរ អាចរក្សាចំនួនបណ្ណសម្រាប់លក់ជូន ដោយតម្រូវឲ្យមានរូបថតដូចមុន។

...

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ចំពោះការកែទម្រង់ដំណាក់កាលទី២ នៃការលក់បណ្ណតាមប្រាសាទ រាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឲ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print