ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យវឌ្ឍនភាពការងារត្រៀមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ សរុបចំនួនប្រមាណ ៤៦នាក់ ។
មុនឈានចូលដល់កិច្ចពិភាក្សា មន្ត្រីជំនាញបានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព និងផែនការការងារ ត្រៀមរៀបចំប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ជូនដល់អង្គពិធីទាំងមូលដែលក្នុងនោះរួមមាន ៖ ក). ការងាររដ្ឋបាល ខ). ការងារបច្ចេកទេស គ). លំហូកម្មវិធីប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ (ពិធីបើកជាផ្លូវការ និងពិធីបិទ)ឃ). ការហូប ចុក និងការស្នាក់នៅ ង). មធ្យោបាយដឹកជញ្ជូន ច). ក្រុមការងារពេទ្យ និងដូប៉ា ឆ). ក្រុមការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ជ). ការងារហិរញ្ញវត្ថុ និង ផែនការអនុវត្តការងារបន្ត។
ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូនតាមការគ្រោងទុកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យក្រុមការងារពាក់ព័ន្ធ បន្ថែមការយកចិត្តទុកដាក់លើការរៀបចំពិធីបើកឱ្យមានលក្ខណៈអធិក អធម និងគួរបង្ហាញបន្ថែមនូវ វីដេអូស៊ីហ្គេម ប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាសមិទ្ធផលក្នុងវិស័យកីឡាកម្ពុជា។ ពាក់ព័ន្ធនឹងការរៀបចំ ការចុះ ឈ្មោះ និងឯកសណ្ឋាន សូមរៀបចំក្រុមការងារត្រួត ពិនិត្យឱ្យបានច្បាស់លាស់ និងរៀបចំឱ្យបានរួចរាល់នូវក្រុមអ្នកស្ម័គ្រចិត្តជួយគាំទ្រ ក៏ដូចជាក្រុមចុះទៅពិនិត្យសណ្ឋាគារ ម្ហូបអាហារ និងវិន័យ ធានាឱ្យបាននូវការ អនុវត្តស្របតាមស្តង់ដាត្រឹមត្រូវ ជៀសវាងជួបប្រទះនូវបញ្ហាផ្សេងៗ។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុម ការងារជំនាញ ពិនិត្យការព្យាករណ៍អាកាសធាតុជាមុន ដើម្បីត្រៀមឱ្យបានរួចរាល់នូវដំណោះស្រាយផ្សេងៗ ប្រសិនជាមានករណីភ្លៀងធ្លាក់ មានក្រុមការងារផ្សព្វផ្សាយរៀបចំឱ្យបានល្អ និងទូលំទូលាយ ធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ទាំងការរៀបចំទូទៅ និងក្នុងអំឡុងពេលកម្មវិធី។
ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”។ ក្នុងកម្មវិធីកីឡាជាតិលើកទី៤ នេះផងដែរបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨វិញ្ញាសា និងកីឡាជាតិជនពិការកំណត់យកចំនួន ១៣ប្រភេទកីឡា លើ ៥៥វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី២៥រាជធានី-ខេត្ត និងក្រសួងចំនួន០៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាចក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបិទផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕