សាធារណរដ្ឋកូរ៉េ ៖ នៅក្នុងបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពសម្រាប់ប្រជាជនខ្មែរទាំងមូល គឺជាកម្លាំងចិត្តជំរុញឱ្យសម្តេចខិតខំធ្វើការចរចា ព្រោះសម្ដេចដឹងថា យើងមិនអាចយកសង្រ្គាម ទៅបញ្ចប់សង្រ្គាមបាននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទស្សនវិជ្ជានេះ (មិនអាចយកសង្រ្គាម ទៅបញ្ចប់សង្រ្គាម) ក៏ត្រូវបានយកទៅប្រើប្រាស់នៅក្នុងការអនុវត្តនយោបាយឈ្នះឈ្នះដើម្បីជំរុញការបង្រួបបង្រួមជាតិ និងធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមទៅក្នុងកងយោធពលខេមរភូមិន្ទ។
តើកម្ពុជាបានជួបទុក្ខលំបាកអ្វីខ្លះក្នុងការកសាងប្រទេសឡើងវិញ ក្រោយបំផ្លាញដោយរបបខ្មែរក្រហម?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ កម្ពុជាត្រូវបានរែកពន់ការកសាងប្រទេសឡើងវិញពីបាតដៃទទេ ពោលគឺម្ខាងត្រូវការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញនៅពេលដែលធនធានមនុស្សរបស់យើងត្រូវបានកាប់សម្លាប់ដល់ឬសគល់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនថាស្ថានភាពក្នុងស្រុកទេ សូម្បីស្ថានភាពអន្តរជាតិ ក៏មិនមានអំណោយផលដល់កម្ពុជាផងដែរ ដោយសារសហគមន៍អន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះប្រទេសជាតិនោះទេ ហើយអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ក៏ត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមអស់រយៈពេល១២ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនោះ កម្ពុជាត្រូវទទួលរងទណ្ឌកម្មទាំងផ្នែកការទូតនិងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ ថែមទៀតផង៕