ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបប្រតិភូអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វ៉ីងហ្វីនិកដឹកនាំដោយលោក ម៉េង ហៀង ប្រធានអង្គការអភិរក្សសៀមប៉ាង។
ជំនួបនេះត្រូវបានធ្វើឡើងនៅសាលសវនាការសាលាខេត្តស្ទឹងត្រែង ដើម្បីសម្តែងការគួរសម និងរាយការណ៍ អំពីលទ្ធផលការងាររបស់អង្គការអភិរក្សសៀមប៉ាង នៅដែនជម្រកសត្វព្រៃសៀមប៉ាង និងប្រតិបត្តិការណ៍របស់ក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វ៉ីងហ្វីនិក។
លោក ម៉េង ហៀង ប្រធានអង្គការអភិរក្សសៀមប៉ាង និងក្រុមការងារបានបង្ហាញអំពីសកម្មភាពការងារក៏ដូចជាដៃគូរប្រតិបត្តិ ដែលបាន នឹងកំពុង ធ្វើសកម្មភាពអភិរក្ស នៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចគាំពារ បរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះ និងសត្វព្រៃ ក្នុងគោលដៅរួម ចំណែកអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ធម្មជាតិផ្សារភ្ជាប់នឹងទឹកដី ដោយឈរលើគោលការណ៍សមធម៌ សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាសហគមន៍ក្នុងមូលដ្ឋាន។
លោក ម៉េង ហៀង គូសបញ្ជាក់ថាការចូលជួបសម្តែងការគួរសមនេះមានគោលបំណងសំខាន់ គឺដើម្បីរាយការណ៍អំពីលទ្ធផលការងារ ក៏ដូចជាស្នើសុំអនុសាសន៍បន្ថែម ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងសមិទ្ធផល លើការងារអភិរក្សផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វ៉ីងហ្វីនិកដែលបានអញ្ជើញចូលជូបសម្តែងការគួរសមនាពេលនេះ។
លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូរជាពិសេសអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វ៉ីងហ្វីនិក ក្នុងការចូលរួមអភិរក្សធនធានធម្មជាតិនៅក្នុងស្រុកសៀមប៉ាង ព្រមទាំងបានស្វែងរកដៃគូរការចូលរួមសហការបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ។
លោក សរ សុពុត្រា បានសង្កត់ធ្ងន់ថា ការពិតខេត្តស្ទឹងត្រែង ជាខេត្តមួយដែលមានសក្តានុពលធនធានធម្មជាតិច្រើន ប៉ុន្តែដោយសារការមិនចេះឆ្អែតឆ្អន់របស់បុគ្គលមានអំណាច និងមនុស្សចំនួនបានប្រែក្លាយទៅជាស្រអាប់ ។ យ៉ាងណាមិញឯកឧត្តមិនភ្លេចបញ្ជាក់ទេថា ការមកដល់របស់ឯកឧត្តមជាថ្នាក់ដឹកនាំខេត្តនេះគឺដើម្បីមកបោសសំអាត និងប្រែក្លាយឲ្យតំបន់នេះ(ខេត្តស្ទឹងត្រែង)ឲ្យទៅជាតំបន់មានសក្តានុពលឡើងវិញ ។
ទន្ទឹមនិងនេះ លោក អភិបាលខេត្តក៏បានជំរាបដល់ប្រតិភូអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វ៉ីងហ្វីនិក ត្រូវធ្វើបែបណាអនុវត្តការងារឲស្របទៅនឹងច្បាប់ ជាពិសេសត្រូវធ្វើការដោយមានកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងរៀបចំរបាយការណ៍ពាក់ព័ន្ធនានាដាក់ចូលអាជ្ញាធរខេត្ត ដើម្បីឲ្យអាជ្ញាធរបានដឹងពីដំណើរបេសកកម្ម ផែនការសកម្មភាព ចក្ខុវិស័យ និងកិច្ចសហការល្អជាមួយគ្នា៕
ដោយ ៖ សិលា