ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត” ។
សូមជម្រាបជូនថា មន្ទីរពេទ្យកាល់ម៉ែត ជាកន្លែងផ្តល់សេវាសុខាភិបាលដ៏សំខាន់មួយនៅកម្ពុជានាពេលបច្ចុប្បន្ន។ ដើម្បីឆ្លើយតបសេចក្តីត្រូវការកាន់តែច្រើនឡើងលើសេវាសុខាភិបាល មន្ទីរពេទ្យបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមមានការសង់អគារផ្តល់សេវាសុខាភិបាលកាន់តែច្រើន និងបំពាក់បរិក្ខាបម្រើការព្យាបាលកាន់តែទំនើបៗផងដែរ។ បើទោះបីមានអគារជាច្រើនត្រូវបានសាងសង់យ៉ាងណាក្តី ក៏មិនទាន់ឆ្លើយតបនឹងកំណើននៃតម្រូវការផ្នែកសុខាភិបាលនោះដែរ ជាហេតុតម្រូវឱ្យមន្ទីរពេទ្យត្រូវសាងសង់អគារផ្តល់សេវាសុខាភិបាលបន្ថែម។
អគារទាំង៣ដែលបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ គឺជាអគារផ្តល់សេវាសុខាភិបាលដ៏ចាំបាច់បំផុតនៅក្នុងមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ អគារមន្ទីរពេទ្យដែលបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និងសម្តេច បានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស» រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួន ៦២,៤១៥,៦០០ដុល្លារ។
អគារមន្ទីរពេទ្យដែលបើកការដ្ឋានសាងសង់នេះ មានតួនាទីសំខាន់ៗដូចខាងក្រោម៖
*ទី១៖ អគារមជ្ឈមណ្ឌលកណ្តាល នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពមន្ទីរពេទ្យក្នុងការទទួលពិនិត្យព្យាលអ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសមត្ថភាពបច្ចេកទេស ឬគ្លីនិកនៃសេវាព្យាបាលតាមឯកទេសនីមួយៗ ប្រកបដោយនវានុវត្តដែលផ្តោតលើគុណភាពជាមូលដ្ឋាន។ មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង ៤៩,៥០ម៉ែត្រ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។
*ទី២៖ អគារចំណត និងរោងជាង នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណតនិងរោងជាងនេះ មានបណ្តោយ៧២ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ម៉ែត្រក្រឡា។
*ទី៣៖ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង គឺជាគម្រោងទី១ ក្នុងប្រវត្តិសាស្ត្រនៃវេជ្ជសាស្រ្តកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងបានធ្វើការប្រឹក្សាយោបល់លើបច្ចេកទេសសាងសង់អគារ និងបំពាក់ឧបករណ៍សម្ភារ: ដែលទាមទារបច្ចេកទេសសំណង់ក្រោមដីស្មុគស្មាញតាមនិយាមសកល ដោយសហការជាមួយអ្នកជំនាញការក្រុមហ៊ុន Archetype និង G.E. HealthCare PTE LTD និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ពិសិដ្ឋសម្រាប់អ្នកជំងឺ ជាពិសេសអ្នកជំងឺមហារីក។
អគារនេះនឹងបំពាក់ដោយម៉ាស៊ីនស៊ីក្លូត្រុងទំនើបថ្មីមួយ ដែលអាចផលិតឱសថវិទ្យុសកម្មប្រើប្រាស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ជំងឺឆ្លង និងជំងឺផ្សេងដទៃជាច្រើនទៀត តាមបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរទំនើប ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក។
បន្ថែមលើនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ មានបណ្តោយ ១៤,៩ម៉ែត្រ ទទឹង ១១,៧ម៉ែត្រ និងកម្ពស់២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ម៉ែត្រការ៉េ។
មន្ទីរពេទ្យកាល់ម៉ែតត្រូវបានសាងសង់ក្នុងឆ្នាំ១៩៥៨-១៩៦០ និងមានឈ្មោះថា មូលនិធិកាល់ម៉ែត។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មន្ទីរពេទ្យត្រូវបានបោះបង់ចោល និងបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជានាពេលនោះបានជួសជុល និងបើកមន្ទីរពេទ្យឱ្យដំណើរការឡើងវិញ ដោយមានការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត។
ក្នុងអំឡុងជាងមួយទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចសម្ព័ន្ធ និងសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងផ្តល់សេវាព្យាបាលថែទាំ រួមទាំងសេវាឯកទេស របស់មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានជាអាទិ៍៖ ការជួសជុលកែលម្អអគារមួយចំនួន និងសាងសង់ថ្មីបន្ថែម ដូចជាមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង មជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក អគារសម្ភពសន្តិភាព និងអគារតេជោអភិវឌ្ឍន៍ដែលត្រូវបានសម្ពោធឱ្យដំណើរការជាផ្លូវការកាលពីពាក់កណ្ដាល ឆ្នាំ២០២៣ ក្រោមការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល និងសប្បុរសជន។
មន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើបបែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់សេវារបស់ប្រជាជនក្នុងប្រទេស និងជនបរទេសដែលកំពុងរស់នៅបំពេញការងារ ឬធុរកិច្ចនៅកម្ពុជា។
គួរបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែត គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានមន្ត្រី-បុគ្គលិក កំពុងបម្រើការងារសរុបចំនួន ២.១៦១នាក់ (ស្រី ១.១៧៤នាក់) ក្នុងនោះរួមមាន៖ សាស្រ្តាចារ្យ ៤៣នាក់ វេជ្ជបណ្ឌិតឯកទេស ៣៦៤នាក់ វេជ្ជបណ្ឌិត ១៣នាក់ ឱសថបណ្ឌិត និងឱសថការីឧត្តម ២១នាក់ គិលានុបដ្ឋាក-យិកា ៨៥៣នាក់ ឆ្មប ១៨៤នាក់ និងមន្ត្រី-បុគ្គលិកផ្សេងៗ ចំនួន ៦៨៣នាក់៕ដោយ៖តារា