ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ កុំទម្លាក់ស្ដង់ដារ តែត្រូវរឹតបន្តឹងគុណភាព និងស្ដង់ដារសុខាភិបាល ឱ្យកាន់តែជាក់លាក់ ពោលគឺការបណ្ដុះបណ្ដាលគ្រូពេទ្យត្រូវតែមានស្ដង់ដារខ្ពស់ និងច្បាស់លាស់ និងអនុវត្តអភិក្រម។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានអ្នកឱ្យយោបល់មក សម្ដេច ថា បច្ចុប្បន្នគ្រូពេទ្យនៅកម្ពុជា កំពុងតែមានការខ្វះខាត គួរតែបន្ថូរបន្ថយ លក្ខខណ្ឌបណ្ដុះបណ្ដាល កម្រិតពេទ្យ។
នាឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា លក្ខខណ្ឌក្នុងការជ្រើសរើសពេទ្យ មិនអាចទម្លាក់ស្តង់ដារបាននោះឡើយ ត្រូវតែពង្រឹងស្តង់ដារឱ្យបានខ្ពស់។
សម្ដេចធិបតី មានប្រសាសន៍ថា «ថ្ងៃមុនមានការលើកយោបល់មកខ្ញុំ ថា ឥឡូវពេទ្យរបស់យើងកំពុងតែខ្វះ គួរតែបន្ថូរបន្ថយលក្ខខណ្ឌបណ្ដុះបណ្ដាលកម្រិតពេទ្យ កុំឱ្យក្រសួងសុខាភិបាលតឹងពេក។ ខ្ញុំ ថា អត់ទេ ពេទ្យត្រូវតែតឹង កុំទម្លាក់ស្ដង់ដារសុខាភិបាល ត្រូវតែដំឡើងកម្រិតមនុស្ស ខំប្រឹង ឱ្យជួបកម្រិតខ្ពស់ល្អជាង»។
សម្ដេចធិបតី បន្ដថា ពេទ្យ មិនមែនជា គណនេយ្យនោះទេ គណនេយ្យធ្វើខុស កែបញ្ជីបាន។ ប៉ុន្ដែពេទ្យចេញមក ត្រូវមើលអ្នកជំងឺស្រាល ត្រូវព្យាបាលឱ្យជា, កុំឱ្យជំងឺស្រាល ទៅជាធ្ងន់វិញ។ សម្ដេចធិបតីថា ពេទ្យត្រូវព្យាបាលអ្នកជំងឺធ្ងន់ ឱ្យមកស្រាល ឬរស់វិញ។លើសពីនេះ សម្ដេច ក៏បានអំពាវនាវ ឱ្យការបណ្ដុះបណ្ដលពេទ្យ ត្រូវមានស្ដង់ដារមួយជាក់លាក់ ហើយមានការចូលរួមវាយតម្លៃពីក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវផងដែរ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «សុខចិត្តមានពេទ្យ ១០នាក់ ដែលមានជំនាញច្បាស់លាស់ ជាជាងមានពេទ្យ ៥០នាក់ ដែលយើងមិនប្រាកដវិជ្ជា ព្រោះគ្រោះថ្នាក់ ហើយសុខចិត្តកុំទម្លាក់ស្ដង់ដារ នៃការបណ្ដុះបណ្ដាលឱ្យស្រួល ឱ្យបានបរិមាណ សុខចិត្តរុញមនុស្ស បានទិត បានច្រើន ដើម្បីឱ្យគាត់រុញស្ដង់ដារគាត់ មកជួបស្ដង់ដារ អបរិមារបស់ពេទ្យ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការបន្តការពង្រឹងបណ្តុះបណ្តាលគុណភាពផ្នែកសុខាភិបាល ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើជំនាញ ទាំងជំនាញទន់ និងរឹង។ ថ្ងៃមុន មានការលើកយោបល់ឲ្យខ្ញុំថា ឥលូវពេទ្យរបស់យើងកំពុងតែខ្វះ គួរតែបន្ថូរបន្ថយទៅលក្ខខណ្ឌនៃការបណ្តុះបណ្តាល កម្រិតពេទ្យកុំឲ្យក្រសួងសុខាភិបាលតឹងពេក ខ្ញុំថា អត់ទេពេទ្យត្រូវតែតឹង»។
សម្តេច បានបន្តថា «កុំបន្ទន់ កុំទម្លាក់ស្តង់ដាសុខាភិបាល ត្រូវតែតម្លើងកម្រិតមនុស្សឲ្យខ្ពស់ល្អជាង។ ពេទ្យ មិនមែនគណនេយ្យករទេណា។ គណនេយ្យករ ធ្វើខុសកែចេញបាន ពេទ្យចេញមកត្រូវតែទទួលភារកិច្ច ជំងឺស្រាលត្រូវតែឲ្យជា កុំឲ្យជំងឺស្រាលទៅជាធ្ងន់ ជំងឺធ្ងន់ត្រូវជួយឲ្យស្រាល ឬរស់»។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ, ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេសសុខាភិបាល ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្តនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពជូនប្រជាជននៅតាមមូលដ្ឋាន៕