សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅវៀតណាម បានរាយការណ៍នាថ្ងៃចន្ទនេះថា ព្យុះទីហ្វុង Yagi បានបង្កការខាតបង់សេដ្ឋកិច្ច ក្នុងទំហំរហូតដល់១.៦ពាន់លានដុល្លារ នៅប្រទេសអាស៊ានមួយនេះ ក្រៅពីផ្តាច់ជីវិតមនុស្សរាប់រយនាក់។
ព្យុះកំណាចនេះ បានវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជាងមួយសប្តាហ៍មុន កាត់ចំតំបន់ដីសណ្តរទន្លេក្រហម ដែលមានមនុស្សរស់នៅប្រមូលផ្តុំច្រើន ហើយជាតំបន់កសិកម្ម និងជាមជ្ឈមណ្ឌលរោងចក្រឧស្សាកម្មដ៏ធំមួយ។ ដោយផ្អែកលើការវាយតម្លៃជាបឋមរបស់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បាននិយាយថា ព្យុះទីហ្វុង Yagi បានបង្កការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ច គិតជាទឹកប្រាក់ស្មើនឹង៤០ទ្រីលានដុង (ពាន់ពាន់លាន) ឬស្មើនឹង១.៦ពាន់លានដុល្លារអាមេរិក។
បើតាមតួលេខចុងក្រោយបំផុតពីអាជ្ញាធរ ចំនួនអ្នកស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម គឺ២៩២នាក់ និងបន្តបាត់ខ្លួន៣៨នាក់ ហើយលំនៅដ្ឋានជាង២៣០,០០០ខ្នង រងការខូចខាត ខណៈផ្ទៃដីដំណាំ២៨០,០០០ហិកតា ត្រូវបានបំផ្លាញ។ រីឯនៅមីយ៉ាន់ម៉ាឯណោះវិញ ទឹកជំនន់ដែលបង្កឡើងដោយឥទ្ធិពល របស់ព្យុះ Yagi បានសម្លាប់មនុស្សកើនដល់ ១១៣នាក់ ខណៈជាង៣២០,០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង។
សរុបជារួមមក ព្យុះ Yagi បានជះឥទ្ធិពលលើវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ជាមួយខ្យល់បក់យ៉ាងខ្លាំងក្លា និងការធ្លាក់ភ្លៀងយ៉ាងជោគជាំបំផុត អំឡុងចន្លោះពេលជាង១សប្តាហ៍មកនេះ ដោយបានបង្កជាគ្រោះទឹកជំនន់និងរអិលបាក់ដី ដែលបានឆក់យកជីវិតមនុស្សជាង៤០០នាក់៕
រូបថត: TTXVN