ភ្នំពេញ ៖ សារលិខិត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី! បងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន!
ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្ញើសារលិខិត សម្តែងនូវសេចក្តីសោមនស្សរីករាយ និងទឹកចិត្តដ៏រំភើបឥតឧបមាយ៉ាងជ្រាលជ្រៅ ចូលរួមអបអរសាទរជាមួយ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសខួប១ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ 45 COM 88.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
មហាសមិទ្ធផលដ៏ប្រសើរថ្លៃថ្លានេះ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើង ក្នុង ឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូនប្រជាជនកម្ពុជានូវភាពសុខដុមរមនាសម្រាប់ជាមូលដ្ឋាន ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិ បេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តមពុំអាចកាត់ថ្លៃបានរបស់បុព្វបុរសយើង បន្សល់ទុកជូនអ្នកជំនាន់ក្រោយ។
ខ្ញុំក៏សូមយកឱកាសនេះ ធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិនិងអន្តរជាតិ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះ គ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។
ខ្ញុំសូមថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះមិត្តភក្តិអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងឥស្សរជន ទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ “រមណីយដ្ឋានប្រាសាទកោះកេរ” ដែលជាអតីត រាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៤។ រមណីយដ្ឋាននេះ បានបន្សល់ទុកនូវប្រាង្គ ប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុងនិងប្រព័ន្ធធារាសាស្ត្របុរាណ ដែលចាំបាច់ត្រូវការពារ អភិរក្ស សិក្សាស្រាវជ្រាវ និងលើកតម្លៃឡើងវិញ។ ជាមួយនឹងការអបអរសាទរនេះ ខ្ញុំសូមស្នើដល់សហប្រធានចិន និងឥណ្ឌា នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងប្រទេសជាសមាជិកទាំងអស់ ពង្រីកសកម្មភាពរបស់ខ្លួន បន្ថែមទៀត ដើម្បីជួយអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាសម្បត្តិរបស់មនុស្សជាតិ ទាំងមូល ដោយផ្អែកលើគំរូនៃកិច្ចសហការដ៏សកម្មដែលមានស្រាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយមិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃនិងថែរក្សារមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ ជាប្រយោជន៍ដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋាន។
ខ្ញុំសូមអំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបាន ទូលំទូលាយនិងអធិកអធម ដើម្បីអបអរសារទរខួប១ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក៏ដូចជាបន្តជំរុញសក្កានុពលទេសចរណ៍ក្នុងតំបន់។
សូមសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ទ្រង់បានប្រកបនិង ប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕