ពិតទេ ! មានចេញឈើពីព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទៅខេត្តត្បូងឃ្មុំ និងចេញទៅប្រទេសវៀតណាម !

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បទល្មើសព្រៃឈើ ជាបទឧក្រិដ្ឋ ហើយការដឹកជញ្ជូន ឈ្មួញមិនដែលប្រើមធ្យោបាយខ្ចប់តាមច៊កេស ថង់ ឬហោប៉ៅបានទេ ដូច្នេះគ្រប់សមត្ថកិច្ចពាក់ព័ន្ធអាចបង្ក្រាបបាន ផ្ទុយទៅវិញ បើរបូតនោះអាចចាត់ទុកថា «មានភាពមិនប្រក្រតីណាមួយហើយ» ។
អ្នកការពារព្រៃឈើ និងសត្វព្រៃ លោក តាន់ គឹមសួរ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការ ហាក់បង្ហាញថា លោកដឹងពីការដឹកជញ្ជូនបទល្មើសឈើ ធនធានធម្មជាតិនេះច្បាស់ ទើបលោកសំណេរថា ៖ «ឡាននេះចេះបំបាំងកាយ ឬអាចបត់ដាក់ហោប៉ៅបាន ទើបអាចយកចេញពីព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ (កាត់មុខទីស្នាក់ការចាំយាមរបស់បរិស្ថាន រដ្ឋបាលព្រៃឈើ ប៉ូលិស ប៉េអឹម) => កាត់ស្រុកបារាយណ៍ ខេត្តកំពង់ធំ => ស្រុកចំការលើ ខេត្តកំពង់ចាម => ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម => ខេត្តត្បូងឃ្មុំ និងចេញទៅប្រទេសវៀតណាម (ឆ្ងល់ថា ហេតុអ្វីឆ្លងគយចេញតាមច្រកវៀតណាមបាន🤔🤔🤔)។ អស្ចារ្យ សហការគ្នាជាប្រព័ន្ធបានល្អណាស់ មានអ្នកបើកសម្រួលផ្លូវ មានអ្នកបិតគូថ មានអ្នកជិះមើលផ្លូវមុន👍👍👍។
ពាក់ព័ន្ធករណីនេះ លោក តាន់ គឹមសួរ មិនបញ្ជាក់ពីឈើនេះដឹកចេញថ្ងៃណាទេ ដឹងតែប្រាប់ថាចេញពីតំបន់ព្រៃឡង់ ។ ដូច្នេះសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ អាចបកស្រាយជូនបានទេ ! ។
សូមរំលឹកថា ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤កន្លងទៅបានព្រមានខ្លាំងៗ រហូតឈានដល់ការដកហូតតំណែងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ប្រសិនបើរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅតាមមូលដ្ឋាននានា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ទៅលើអ្នកបំពាន សូមឲ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យមានការពាក់ព័ន្ធទៅលើកិច្ចការងារនេះ ព្រោះត្រូវប្រឈមជាមួយវិធានការអនុវត្តច្បាប់ ហើយអាចឈានទៅដល់ការបញ្ចប់តួនាទី ឬការដកក្របខ័ណ្ឌចេញ ប្រសិនមានការប្រព្រឹត្តធ្ងន់ធ្ងរដោយមិនលើកលែង។ សូមរួមគ្នាថែរក្សា និងអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តខុសអត់លើកលែងទេ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ការទទួលខុសត្រូវ លើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ គឺត្រូវធ្វើតាមឋានានុក្រម ហើយការទទួលខុសត្រូវក៏ធ្វើតាមឋានានុក្រមដូចគ្នាដែរ ព្រោះសិទ្ធិអំណាចថ្នាក់ជាតិ បានប្រគល់ជូនថ្នាក់ក្រោមជាតិរួចរាល់ហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ គណៈអភិបាលក្រុង ស្រុក គឺជាមេទ័ពជួរមុខដ៏សំខាន់ក្នុងការទប់ស្កាត់។ កន្លងមកសម្ដេចមើលឃើញថា រាល់ប្រតិបត្តិការបង្ក្រាប គឺសុទ្ធតែកម្លាំងមកពីថ្នាក់ជាតិ ដែលជាក់ស្ដែងកន្លងទៅនេះ សម្ដេចទើបបញ្ជាឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីដឹកនាំកម្លាំងធ្វើសកម្មភាពបង្ក្រាប ។
ចំពោះបញ្ហាខាងលើនេះ អាចមានតម្រុយណាមួយបានជា អ្នកការពារព្រៃឈើ និងសត្វព្រៃ លោក តាន់ គឹមសួរ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការ មានទាំងរូបភាពទៀតនោះ ។ សង្ឃឹមថា អភិបាលនៃគណៈអភិបាលខេត្តក្នុងមូលដ្ឋាន បើទទួលបានព័ត៌មាននេះហើយ មេត្តាស្រាវជ្រាវផង ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print