កីឡាករ Endrick ខ្សែប្រយុទ្ធវ័យក្មេងអាយុ១៨ឆ្នាំរបស់ក្រុម Real Madrid បានសម្រេចចិត្តរៀបការជាមួយនឹងមិត្តស្រីរបស់ខ្លួនដែលជាតារាបង្ហាញម៉ូដ វ័យ២៣ឆ្នាំ Gabriely Miranda។
អ្នកទាំងពីរបានបង្ហោះរូបភាពលើ Instagram នៃថ្ងៃរៀបការរបស់ពួកគេហើយ Miranda ដែលមានអ្នកតាមដាននាងជាង១លាននាក់បានសរសេរថា ពួកគេមិនមែនជាមនុស្សពីរផ្សេងគ្នាទៀតទេ គឺសាច់តែមួយ។ ដូច្នេះ អ្វីដែលព្រះបានរួមបញ្ចូលគ្នា គ្មាននរណាអាចបំបែកបានឡើយ។
Endrick បានយល់ព្រមលើកិច្ចព្រមព្រៀងចូលរួមជាមួយ Real Madrid ក្នុងខែធ្នូ ឆ្នាំ 2022 ដោយទើបតែផ្លាស់ប្តូរមករដូវកាលថ្មីនេះទេ។ តាំងពីចូលរួមជាមួយ Real មក Endrick ចូលលេងបាន៤ប្រកួត ដោយស៊ុតចូល១គ្រាប់។
គាត់បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់ក្នុងការប្រកួតឈុតធំចំនួន 11 ដងឱ្យប្រទេសប្រេស៊ីល ដោយខ្សែប្រយុទ្ធរូបនេះត្រូវបានចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យបំផុតនៅក្នុងបាល់ទាត់ពិភពលោក។
អំឡុងពេលរូបគាត់នៅក្លិប Palmeiras,ខ្សែប្រយុទ្ធ Endrick ស៊ុតបញ្ចូលទីបាន 21 គ្រាប់ក្នុង 82 ប្រកួត។
Endrick អាចបង្ហាញខ្លួនជាលើកដំបូងក្នុង Champions League នៅពេលដែល Real Madrid ទទួលភ្ញៀវ Stuttgart នៅយប់ថ្ងៃអង្គារ៕