ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាប លោក លោកស្រី អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ជ្រាបថា៖ ផ្អែកតាមលទ្ធផលសវនកម្មផ្ទៃក្នុងនៅតាមបណ្តាអង្គភាពនៅថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោម ដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធកន្លងមក ក្រសួងមហាផ្ទៃបាន ពិនិត្យឃើញ ជារួម បណ្តាអង្គភាពនៅថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ បានខិតខំ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាពិសេសដី និងអគារស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនបាន ល្អប្រសើរ។ ប៉ុន្តែក៏នៅមានកិច្ចការសេសសល់មួយចំនួន ស្ថិតក្នុងលក្ខខណ្ឌស្មុគស្មាញ និងពុំមានវឌ្ឍនភាព ជាវិជ្ជមាន ដើម្បីធានាបាននូវការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយចីរភាព និងនីត្យានុកូលភាពនៅឡើយ។ បណ្តាកង្វះខាត និងបញ្ហាប្រឈមជាអាទិភាពមួយចំនួន នៅពុំទាន់ត្រូវបានកែតម្រូវ ពង្រឹងបន្ថែម និងពន្លឿនការ ដោះស្រាយឱ្យបានឆាប់រហ័សនៅឡើយ រួមមាន ភាពយឺតយ៉ាវក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការកត់ត្រាដីធ្លីបញ្ចូលក្នុងបញ្ជីសារពើភណ្ឌ ការជំរុញធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយបញ្ហាដី ដែលមានការជាប់ពាក់ព័ន្ធ និងភាពខ្វះចន្លោះក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាដីធ្លីមកក្រសួងមហាផ្ទៃ។
ក្នុងគោលបំណងជំរុញប្រតិបត្តិការការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការទទួលខុសត្រូវខ្ពស់ និងឆ្លើយតបស្ថានការណ៍បច្ចុប្បន្នបានទាន់ពេលវេលា ស្របតាមវិធានដែលមានចែងនៅក្នុង លិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី និងអគារស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាព ថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចខាងក្រោម៖ – ជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
– ធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងកត់ត្រាបន្ថែមនូវទីតាំងដីឯកជនរបស់រដ្ឋ ដែលត្រូវកត់ត្រាបញ្ចូលទៅក្នុង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការទុកនៅក្រៅបញ្ជី ដែលអាច ប្រឈមនឹងការរំលោភទន្ទ្រានកាន់កាប់ និងការបាត់បង់ដោយប្រការណាមួយ។
– ជំរុញការដោះស្រាយបញ្ហាដីធ្លី ដែលមានការជាប់ពាក់ព័ន្ធ ឬមានទំនាស់ជាមួយប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ភាគីឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យបានរួចរាល់ ឆាប់រហ័ស ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន ចៀសវាងការអូសបន្លាយពេលវេលា ទុកបញ្ហាឱ្យកាន់តែរ៉ាំរ៉ៃ ដោយគ្មានដំណោះស្រាយត្រឹមត្រូវ។
– បង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ចំពោះការតាំងទីលំនៅ ការរំលោភបំពាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ទាំងលើដីសាធារណៈរបស់រដ្ឋ និងឯកជនរបស់រដ្ឋ។
– យកចិត្តទុកដាក់អនុវត្តឱ្យបានពេញលេញតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងសេចក្តីជូនដំណឹងលេខ ១០៣៤៩ សហវ. ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពន្លឿនធ្វើវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលើដីរដ្ឋ ដែលនៅសេសសល់ និងចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បី ជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ឱ្យបានរួចរាល់ជាស្ថាពរ។
– រដ្ឋបាលរាជធានី ខេត្ត ត្រូវបូកសរុបលទ្ធផលការងាររួម ចាប់ពីបណ្តារដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ក្រោមចំណុះ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពជូនក្រសួងមហាផ្ទៃរៀងរាល់ដំណាច់ត្រីមាសនីមួយៗ។
– ក្នុងករណីពិនិត្យឃើញថា គ្រប់បណ្តាអង្គភាពណាមួយពុំមានវឌ្ឍនភាពការងារជាវិជ្ជមាននោះ ក្រសួង មហាផ្ទៃនឹងចេញសេចក្តីណែនាំ ឬចាត់វិធានការទៅលើអង្គភាពនោះតាមការចាំបាច់។
ទន្ទឹមនេះ លោកអភិសន្ដិបណ្ឌិត ស សុខា សូមលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ចាត់វិធានការឱ្យបាន ម៉ឺងម៉ាត់បំផុត ចំពោះអង្គភាព មន្ត្រីរាជការ និងបុគ្គលទាំងឡាយណា ដែលបានប្រព្រឹត្តកំហុសឆ្គង ជាប់ពាក់ព័ន្ធនឹងការ រំលោភបំពាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់លើដីរដ្ឋ ស្របតាមច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តជំរុញអង្គភាពក្រោមចំណុះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ខិតខំយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ អាស្រ័យហេតុនេះ សូម លោក លោកស្រី ជ្រាប និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ៕ដោយ៖តារា