ខេត្តព្រៃវែង÷ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។
បាឋកថានេះ បានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យជាតិជាតិ ជា ស៊ីម កំចាយមារ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាគណៈអធិបតីពី ឯកឧត្ដមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ និងមានការនិមន្ត និងអញ្ជើញចូលរួមពីលោក លោកស្រីសាស្ត្រាចារ្យ និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបជិត ៤០០ អង្គ/នាក់។
បាឋកថានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១. យល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ អាណត្តិទី៧ នៃរដ្ឋសភា ទី៣. យល់ដឹងពីព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និង ទី៤. លើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ បាឋកថាខាងលើនេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង៕