រថយន្ដដឹកលើសទម្ងន់ ០៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅរសៀលថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្រោមការចង្អុលបង្ហាញពី​ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ កាលពីម្សិលមិញនេះ​ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៤គ្រឿង ក្នុងនោះលើសទម្ងន់កម្រិតកំណត់ចំនួន ០៣គ្រឿង ប្រភេទរថយន្តភ្លៅ៤ មានបំពាក់ឡូហ្គោ CH បានផ្ទុកទម្ងន់សរុបចន្លោះពី ៣៩តោន ដល់៥០តោន លើសទម្ងន់កម្រិតកំណត់ចាប់ពី ៩-២០ តោន គិតជាភាគរយគឺលើសចន្លោះពី ៣០%-៦៧% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា លើបណ្តាញផ្លូវថ្នល់ តាមប្រភេទយានយន្តដូចខាងក្រោម៖
– យានយន្តភ្លៅ ២ ទម្ងន់អនុញ្ញាត ១៦តោន
– យានយន្តភ្លៅ ៣ ទម្ងន់អនុញ្ញាត ២៥តោន
– យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត ៣០តោន
– យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៥ ទម្ងន់អនុញ្ញាត ៤០តោន
– យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៦ ឡើងទៅ ទម្ងន់អនុញ្ញាត ៤៥តោន

...

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយក្រសួងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print