សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ីថ្មី ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី (The Asia Foundation) ចូលជូបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ការអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកស្រីប្រធាន ដែលត្រូវបានជ្រើសរើសជាប្រធាន និងជានាយកប្រតិបត្តិថ្មីនៃមូលនិធិអាស៊ី។ សម្តេចតេជោ បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់មូលនិធិអាស៊ីដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលឆ្នាំ២០២៤នេះ គឺជាខួបទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងព្រះរាជាណាចក្រកម្ពុជា ក៏ជាខួបលើកទី៧០ នៃការបង្កើតមូលនិធិអាស៊ីផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ទោះបីជាពេលនេះ សម្តេច មិនមែនជានាយករដ្ឋមន្រ្តី និងមានការផ្លាស់ប្តូររាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការនៃមូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយនឹងត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត។

នាឱកាសនោះ លោកស្រីប្រធានមូលនិធិអាស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់សម្តេច ផ្តល់កិត្តិយសអនុញ្ញាតឱ្យលោកស្រី និងសហការីនៃមូលនិធិអាស៊ី បានចូលជួបសម្តែងការគួរសម នាឱកាសនេះ។ លោកស្រី បានជម្រាបជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ពីគោលបំណងរាយការណ៍នូវលទ្ធផលការងាររបស់មូលនិធិអាស៊ី កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យទៅខាងមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបាល។ ផ្អែកលើគោលបំណងនេះ លោកស្រី ក៏មានបំណងស្នើសុំអនុសាសន៍ និងការចង្អុរបង្ហាញបន្ថែមពីសម្តេចតេជោ ដែលកន្លងមកសម្តេចតែងតែផ្តល់ការគាំទ្រ និងការអនុគ្រោះដល់មូលនិធិអាស៊ី រហូតអាចដំណើរការបានរលូន និងជោគជ័យក្នុងរយៈពេល ៣០ឆ្នាំមកនេះ។

លោកស្រីប្រធាន មានប្រសាសន៍បន្តថា មូលនិធិអាស៊ីកំពុងប្រារព្ធខួបលើកទី ៧០ នៃប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្ទាប់ពីបានចំណាយពេលប្រាំពីរទសវត្សរ៍ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងជួយគាំទ្រទៅតាមអ្វីដែលជាបំណងប្រាថ្នារបស់ប្រទេសដៃគូ។

សម្រាប់ព្រះរាជាណាចក្រកម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រដល់វិស័យអាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជនកម្ពុជា។ កន្លងមកមូលនិធិអាស៊ី តែងតែតម្រឹមគំនិតផ្តួចផ្តើម និងកម្មវិធីនានា ឱ្យមានភាពស៊ីចង្វាក់ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល។ នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ មូលនិធិអាស៊ីបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក បញ្រ្ជាបចំណេះដឹងឌីជីថល និងបច្ចេកវិទ្យា ដើម្បីបង្កើនចំនួនកម្លាំងពលកម្មផ្នែកឌីជីថល។ មូលនិធិអាស៊ី ក៏បានគាំទ្រដល់អ្នកស្រាវជ្រាវវ័យក្មេង អ្នកស្រាវជ្រាវជាស្រ្តី និងផ្តល់ការប្រឹក្សាលើអាជីពការងារផងដែរ។ ក្នុងវិស័យសេដ្ឋកិច្ច មូលនិធិអាស៊ីបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវ ដើម្បីកសាងជារបាយការណ៍ជំនួយដល់ការវិនិយោគ និងធុរកិច្ច ជាពិសេសគឺការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងសមត្ថភាពដល់សហគ្រិនវ័យក្មេង និងសហគ្រិនជានារី លើជំនាញឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។

មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន ដូចជាការចុះធ្វើការស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកា ជាដើម។

សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូលនិធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។

លោកស្រី ក៏សូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងស្ញប់ស្ងែងជាទីបំផុតចំពោះការគាំទ្រ ព្រហ្មវិហារធម៌ និងទឹកចិត្តសប្បុរសសណ្តោសប្រណី របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដែលបានជួយឱ្យបុគ្គលិកជនជាតិអាហ្វហ្កានីស្ថាន ដែលភៀសខ្លួនពីប្រទេសអាហ្វហ្កានីស្ថាន មកជ្រកកោនបណ្តោះអាសន្ននៅក្នុងទឹកដីកម្ពុជា រហូតមានទីស្នាក់អាស្រ័យថ្មីនៅក្នុងប្រទេសអូស្រ្តាលី ឬសហរដ្ឋអាមេរិក។ លោកស្រី តែងតែលើកពីគំរូវីរភាព និងកាយវិការសប្បុរសប្រកបដោយព្រហ្មវិហារធម៌ មិនងាយរកបាន របស់សម្តេចតេជោ ប្រាប់ទៅមេដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងពិភពលោក ដែលគួរតែយកជាគំរូ ហើយមេដឹកនាំទាំងនោះ ក៏បានគោរពកោតសរសើរសម្តេចតេជោ ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណលោកស្រីប្រធាន និងមូលនិធិអាស៊ី ដែលបានចូលរួមជាមួយប្រទេសកម្ពុជា ទោះបីក្នុងកិច្ចការតូច ឬធំក្តី ប៉ុន្តែគឺបាននៅជាមួយប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣ គឺចាប់តាំងពីប្រទេសកម្ពុជា មិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ។ សម្តេចតេជោ បានបន្តថាប្រទេសកម្ពុជា ទើបបានមកស្គាល់សន្តិភាព ឯកភាពជាតិ និងទឹកដីទាំងស្រុងគឺក្នុងឆ្នាំ១៩៩៨ ក្រោយសម្តេចតេជោដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ហើយមកដល់ថ្ងៃនេះ គ្មាននរណាម្នាក់ប្រឆាំងនឹងយុទ្ធសាស្រ្តឈ្នះ-ឈ្នះរបស់សម្តេច ដែលនាំកម្ពុជាស្គាល់សន្តិភាពទាំងស្រុង និងមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជា។ គម្រោងអភិវឌ្ឍន៍នានារបស់មូលនិធិអាស៊ី ក៏អាចអនុវត្តបានជោគជ័យ និងស៊ីចង្វាក់គ្នាជាមួយរដ្ឋាភិបាលចាប់ពីពេលនោះមកដូចគ្នា។

សម្តេចតេជោ បានមានប្រសាសន៍ថា ការដាក់ចេញនូវយុទ្ធសាស្រ្តដឹកនាំប្រទេសគឺ អាស្រ័យទៅតាមដំណាក់កាលរបស់ប្រទេស ទាំងស្ថានភាពផ្ទៃក្នុង និងស្ថានភាពខាងក្រៅ។ ដោយឡែកនៅក្នុងដំណាក់កាលដំបូងដែលសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តី សម្តេចបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ ដែលគោលដៅអាទិភាពបំផុតនៅពេលនោះគឺ៖ ទី១.សន្តិភាវូបនីយកម្មពេញផ្ទៃប្រទេស មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាក់ និងគ្មានការសងសឹកពីអតីតក្រុមប្រដាប់អាវុធណាមួយ, ទី២. ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍អន្តរជាតិឱ្យបានលឿនបំផុត ដោយសម្តេចតេជោ ផ្តល់មូលហេតុថាអង្គការអន្តរជាតិ ទាំង UN, ASEAN, ចលនាមិនចូលបក្សសម្ព័ន្ធ (NAM), WTO ឬសូម្បីអង្គការ IAEA គឺសុទ្ធតែជាក្រោះជួយការពារ និងជួយពង្រឹងកម្ពុជាឱ្យឆាប់រីកចម្រើន ដូច្នេះកម្ពុជាមិនត្រូវខ្លាច អង្គការអន្តរជាតិ និងមិនត្រូវខ្វល់ពីការបង់ប្រាក់សមាជិកភាពនោះទេ, ទី៣. ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងអន្តរជាតិ រាជរដ្ឋាភិបាលត្រូវប្រមូលកម្លាំងសរុបទាំងអស់កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដែលលទ្ធផលគួរជាទីមោទនៈបំផុត ក្នុងឆ្នាំ២០០៥ កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងដល់អត្រា ១៣,៣% និងកើនលើស១០% រហូតដល់វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។
យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដំណាក់កាលក្រោយមកទៀត គឺយុទ្ធសាស្រ្តចតុកោណ ដែលផ្តោតសំខាន់លើ ទឹក ផ្លូវ ភ្លើង និងមនុស្ស ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ លុះក្រោយមក រាជរដ្ឋាភិបាល ក៏បានសម្រេចយកមនុស្ស ជាអាទិភាពនាំមុខវិញ គឺ មនុស្ស ទឹក ផ្លូវ និងភ្លើង។ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលជារាជរដ្ឋាភិបាលជំនាន់ថ្មី ដែលកើតចេញពីការលះបង់របស់សម្តេចតេជោ ដើម្បីសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង សម្តេចតេជោ ជឿជាក់ថា ជាការសម្រេចចិត្តបានត្រឹមត្រូវជាទីបំផុត ព្រោះសមស្របនឹងស្ថានភាពពិភពលោក និងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ ដំណាក់កាលទី១នៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើឌីជីថល និងបច្ចេកវិទ្យា ដែលត្រូវការមេដឹកនាំជាយុវជនជំនាន់ថ្មីផងដែរ។

សម្តេចតេជោ បានបន្តទៀតថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបន្តការងារពីអាណត្តិមុន ប៉ុន្តែបន្ថែម ឌីជីថលនិងបច្ចេកវិទ្យា គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា អមដោយបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ផ្អែកលើការដាក់ចេញយុទ្ធសាស្រ្ត និងគោលនយោបាយអាទិភាពបែបនេះ សម្តេចតេជោ ជឿជាក់ថា មូលនិធិអាស៊ី នឹងយកទៅសិក្សាដើម្បីកសាងកម្មវិធី និងគម្រោងនានា ដែលស៊ីចង្វាក់គ្នា ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាល អភិវឌ្ឍប្រទេសកម្ពុជា ឱ្យសម្រេចបានទៅតាមគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តដល់សម្តេច ពីសកម្មភាពសប្បុរសដែលសម្តេចតេជោ បានធ្វើកន្លងមក តាមរយៈការយល់ព្រមទទួលជនជាតិអាហ្វហ្កានីស្ថានភៀសខ្លួនពីសង្រ្គាម មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេស។ គ្មានប្រទេសណាមួយហ៊ានធ្វើទេ ព្រោះខ្លាចការសងសឹកពីក្រុមភេរវកម្ម ប៉ុន្តែកម្ពុជា ហ៊ានធ្វើ ក្រោមមូលហេតុថា កម្ពុជា ប្តេជ្ញាការពារឱ្យបាននូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិសំខាន់បំផុតរបស់មនុស្សជាតិ ហើយសម្តេចតេជោផ្ទាល់ ក៏ធ្លាប់ជាជនភៀសខ្លួនពីសង្រ្គាម និងការតាមសម្លាប់ពីរបបប៉ុលពត ទើបយល់ច្បាស់ពីអារម្មណ៍ត្រូវការគេជួយរបស់ជនភៀសខ្លួនទាំងនោះ។

សកម្មភាពមនុស្សធម៌មួយទៀតរបស់សម្តេចតេជោ គឺការសម្រេចភ្លាមៗអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកដំណើរជាង២០០០នាក់កំពុងប្រឈមពីការខ្វះស្បៀង ទឹក និងប្រេង ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ក្នុងដំណាក់កាលជំងឺកូវីដ១៩វាយលុកខ្លាំង បន្ទាប់ពីនាវានេះ ត្រូវបានប្រទេសចំនួន ៦ បដិសេធមិនឱ្យចូលចត។ សម្រាប់សម្តេចតេជោ ការជួយជីវិតមនុស្ស គឺសំខាន់ជាងការព្រួយបារម្ភនានា ហើយពេលនោះ សម្តេចតេជោ បានទៅទទួល និងចាប់ដៃអ្នកដំណើរជាង ២០០ នាក់ ពីនាវា Westerdam កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ជាចុងក្រោយ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា សម្តេចរីករាយក្នុងការបន្តគាំទ្រដំណើរការរបស់មូលនិធិអាស៊ីនៅកម្ពុជា និងសូមជូនពរលោកស្រីប្រធាន ទទួលបានជោគជ័យជាផ្លែផ្កាសម្រាប់ជំនួបជាមួយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅថ្ងៃស្អែក និងសម្រាប់បេសកកម្មការងាររបស់លោកស្រី នៅកម្ពុជាផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print