កម្ពុជា​-ថៃ​ លើកកម្ពស់ការវិនិយោគរវាងគ្នា ពិសេសការលើកទឹកចិត្តវិនិយោគិនថៃមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតជូនលោកស្រី Patcharada Nawakawongkarn នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ (BOI) និងគណៈប្រតិភូ រួមមានលោកអនុប្រធានសភាពាណិជ្ជកម្មថៃ និងវិស័យឯកជនពីប្រទេសថៃជាច្រើនរូប ដើម្បីចូលជួបពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅទទួលគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញធ្វើទស្សនកិច្ចវិនិយោគមកប្រទេសកម្ពុជានាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពសំខាន់ៗរបស់កម្ពុជាលើកិច្ចការងារវិនិយោគឯកជន ពិសេសក្នុងរយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលទទួលបានគម្រោងវិនិយោគសរុបចំនួន ៣៩១គម្រោង កើនឡើងចំនួន ១៦៨គម្រោង ឬ ៧៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងនីតិកាលទី៦ ក្រោមការសម្របសម្រួល និងទាក់ទាញការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការ។

បន្ថែមពីនេះ ឆ្លើយតបលើសំណើសុំរបស់គណៈប្រតិភូអំពីព័ត៌មានសក្ដានុពលដែលកម្ពុជាប្រើប្រាស់សម្រាប់ការទាក់ទាញវិនិយោគ លោកឧបនាយករដ្ឋមន្រ្តី បានរំលេចជូនអំពីសុខសន្តិភាពពេញលេញនៅកម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយ មានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច ពិសេសកម្ពុជាបានបន្តយកចិត្តទុកដាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដោយមានការអភិវឌ្ឍន៍ផ្លូវដែកផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីថៃ តាមរយៈក្រុមប្រឹក្សាវិនិយោគថៃ បន្តសហការរួមគ្នាលើការផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយ កម្ពុជាបូកមួយ ឬថៃបូកមួយ ដើម្បីគាំទ្រលើខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន ស្របតាមសក្ដានុពលនិងធនធានដែលប្រទេសទាំងពីរអាចផ្ដល់ជូនទៅវិនិយោគិន។

...

ស្របតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី លោកស្រី Patcharada Nawakawongkarn នឹងពិនិត្យលទ្ធភាពបន្ថែមទៀតលើការផ្សព្វផ្សាយ និងរៀបចំកិច្ចសហការនានាដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រប្រទេសបូកមួយ។ បន្ថែមពីនេះ លោកស្រី បានបង្ហាញសុទិដ្ឋនិយមខ្ពស់នឹងសហការជិតស្និតលើការរៀបចំវេទិកាផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ សំដៅលើកកម្ពស់ការវិនិយោគរវាងគ្នា ពិសេសការលើកទឹកចិត្តវិនិយោគិនថៃមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print