ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ របស់ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក អគ្គនាយករង អន្តោប្រវេសន៍, ប្រធានក្រុមប្រឹក្សាខេត្ត, លោក អភិបាល នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តសរុបចំនួន ២២៨នាក់។
លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាលោកពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុងកិច្ចប្រជុំជំរុញ និងគាំទ្រការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមលោកផ្ទាល់ សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានរបស់លោក លោកស្រីគណៈអធិបតី សមាជិក សមាជិកានៃអង្គពិធីទាំងមូល ដែលបាន ចំណាយពេលវេលាដ៏មមាញឹកដើម្បីចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាឱកាសនេះ។
ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះ លោក បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងអំណរសាទរពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចបានក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ ២០២៤ កន្លងទៅ ដូចដែលមានក្នុង របាយការណ៍របស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាល ខេត្ត។
លោកបន្តទៀតថា ដើម្បីត្រួតពិនិត្យលទ្ធផលអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលយើងទាំងអស់គ្នាបានរួមគ្នាអនុវត្តអំឡុងពេល៣ខែ(កក្កដា សីហា និងកញ្ញា) នៃឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២៤ បន្តទៀត។
ដោយផ្អែកតាមរបាយការណ៍ របស់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងរបាយការណ៍របស់ រដ្ឋបាលខេត្ត បានបង្ហាញថា រយៈពេល ០៣ខែ(កក្កដា សីហា កញ្ញា) នៃឆ្នាំ២០២៤នេះ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំផ្ទាល់ លោក អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញបន្ថែមដល់គណៈអភិបាលខេត្ត និងស្នងការខេត្ត ព្រមទាំងណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ត្រូវបន្តអនុវត្តធ្វើនូវចំណុចមួយចំនួនដូចខាងក្រោម៖
១-បន្តពង្រឹងលេខាធិការដ្ឋាន ដើម្បីធ្វើជាជំនួយការ និងត្រូវជម្រុញអនុវត្តនូវផែនការ សកម្មភាពដែលបានដាក់ចេញ។
២-បន្តខិតខំជំរុញអនុវត្តឱ្យទទួលបានជោគជ័យនូវចង្កោមការងារក្នុងលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង បានជាប្រចាំ។
៣-បន្តយកចិត្តទុកដាក់ពង្រឹង និងអភិវឌ្ឍការងារនគរបាល និងសហគមន៍ តាមរយៈនៃការ ខិតខំពង្រឹង សមត្ថភាព និងការទទួលខុសត្រូវរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងកសាងប្រព័ន្ធ ទទួល និងផ្តល់ព័ត៌មាន សម្រាប់បង្កើនទំនាក់ទំនងរវាងមន្ត្រីនគរបាល និងសហគមន៍ ។
៤-បន្តយកចិត្តទុកដាក់ពង្រឹងកម្លាំងប្រជាការពារឱ្យមានចំនួនសមស្របទៅតាមភូមិសាស្រ្ត និងប្រជាសាស្រ្តនៃមូលដ្ឋាននីមួយៗ ដោយត្រូវបំផុស លើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុង ចលនាប្រជាការពារ និងបំផុសចលនាឱ្យមានការចូលរួមជួយឧបត្ថម្ភ គាំទ្រទាំងខាងមធ្យោបាយ សម្ភារ ថវិកា និងការគាំទ្រខាងស្មារតីដល់ប្រជាការពារនៅគ្រប់មូលដ្ឋានឱ្យមាននិរន្តរភាព។
៥-បង្កើនការអប់រំប្រជាពលរដ្ឋឱ្យចូលរួមបង្ការគ្រោះថ្នាក់នានា ក្នុងសង្គមជាតិ ដោយត្រូវ បង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការ ទប់ស្កាត់ អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងទីតាំងអាជីវកម្ម ផលិតកម្មនានា ជាពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធ ការពារអគ្គិភ័យនៅតាមអគារ សណ្ឋាគារ កាស៊ីណូ និងសំណង់នានាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ។
៦-បង្កើនការប្រុងប្រយ័ត្នក្នុងការថែរក្សា ពង្រឹងសន្តិសុខជាតិដោយត្រូវធានាការទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេវកម្ម ការឃោសនាញុះញង់តាម ប្រព័ន្ធព័ត៌មានសង្គម ដែលបង្កឡើងដោយក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងបទល្មើសនានាដែលកំពុងកើតមានក្នុងមូលដ្ឋាននៅ ទូទាំងខេត្ត។
៧- យកចិត្តទុកដាក់តាមដានបានជាប្រចាំនូវស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅបណ្តាខេត្ត នៃ ប្រទេសជិតខាងដើម្បីមានវិធានការសង្គ្រោះបានទាន់ពេលវេលា ជាពិសេសនៅរដូវភ្ជុំបិណ្ឌនាពេលខាងមុខ ព្រមទាំងជំងឺឆ្លងនានាផងដែរ៕