ខេត្តកណ្តាល៖ គ្រឿងចក្រ ក្រុមហ៊ុនលោកសាំងស៊ូ ដែលបានធ្វើសកម្មភាពកាប់រំលោភដីបឹងសាធារណៈនៅចំណុចបឹងកំពង់ដំរី ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវសមត្ថកិច្ចជំនាញរ៉ែ និងថាមពលចុះហាមឃាត់ ឲ្យឈប់សកម្មភាពកាប់រំលោភដីបឹង ដែលកន្លងមកមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា កន្លងមកក្រុមហ៊ុនលោកសាំងស៊ូខាងលើនេះ បានកាប់បំផ្លាញដីបឹងគ្មានច្បាប់ទម្លាប់ ។
ពលរដ្ឋសំណូពរឲ្យធ្វើប៉ុណ្ណេះ ក្រុមហ៊ុនធ្វើដល់ប៉ុណ្ណោះ ដែលជាហេតុធ្វើអោយប៉ះពាល់បរិស្ថានផ្ទៃបឹង ។
ការចុះហាមឃាត់នេះកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបឹងសាធារណៈមួយកន្លែង ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកកខ្សាច់កណ្តាល ។
ក្នុងប្រត្តិបត្តនេះ ដឹកនាំដោយលោកលី គុន្ធា ប្រធានអន្តរវិស័យស្រុកខ្សាច់កណ្តាល និងលោកហួន ហាក់ ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុកច្សាច់កណ្តាល ។
ក្នុងចំណាត់ការចុះហាមឃាត់នេះ លោកហួន ហាក់ បានប្រាប់អ្នកយព័ត៌មានតាមទូរសព្ទ័ថា ចំពោះក្រុហ៊ុនគ្រឿងចក្ររបស់លោក សាំង ស៊ូ មិនមានច្បាប់ទម្លាប់ទេ រយៈកាលកន្លងមក ប៉ុន្តែដោយមានការអនុគ្រោះពីប្រជាពលរដ្ឋ ដែលធ្លាប់អោយស្តារប្រឡាយអោយចំនួន៧០០ម៉ែត្រ យកធ្វើមេទឹក ទើបក្រុមហ៊ុនគ្រឿងចក្រខាងលើចេះតែបំពានរហូតមក រហូតធ្វើអោយមានការភ័ន្តច្រឡំដល់សមត្ថកិច្ចថា ឃុបឃិតជាមួយឈ្មួញ ។
លោកហួន ហាក់ បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលចូលមកធ្វើអាជីវកម្មនៅទីនេះ បើពុំមានច្បាប់អនុញ្ញាតទេ អាជ្ញាធរស្រុកពិតជាពុំអនុញ្ញាតឡើយ ៕
ដោយ៖ ឡូ សំអាត