សម្រេចឃុំខ្លួនបណ្តោះអាសន្នលើករណីក្មេងទំនើងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(គប់ដុំថ្ម និងប្រើកាំបិតផ្គាក់កាប់បំផ្លាញម៉ូតូ)​ នៅខេត្ត​កំពត

ចែករំលែក៖

ខេត្ត​កំពត​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃ​សៅរ៍​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន ឱ្យបានជ្រាបថា៖​ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤​ ​បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៨២ ចុះ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ និងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៦២១ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តកំពត ទាក់ទិននឹងក្មេងទំនើងចំនួន០៨នាក់ មាន១.ឈ្មោះ ណាំ សេង ហៅខ្លាញ់ ភេទប្រុស អាយុ១៩ឆ្នាំ (ឃាត់ខ្លួន) ២.ឈ្មោះ វុន សីហា ភេទប្រុស អាយុ១៩ឆ្នាំ (ឃាត់ខ្លួន) ៣.ឈ្មោះ ពេញ ភេទប្រុស អាយុប្រហែល២២ឆ្នាំ (គេចខ្លួន) ៤.ឈ្មោះ ចិន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (គេចខ្លួន) ៥. ឈ្មោះ ណាង ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន) ៦.ឈ្មោះ គិត ភេទប្រុស អាយុប្រហែល២៤ឆ្នាំ (គេចខ្លួន) ៧. ឈ្មោះ ណូង ភេទប្រុស អាយុ២០ឆ្នាំ (គេចខ្លួន) និង៨. បក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ធ្វើឱ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស (គប់ដុំថ្ម និងប្រើកាំបិតផ្គាក់កាប់បំផ្លាញម៉ូតូ) ប្រព្រឹត្តនៅចំណុចបរិវេណស្ថានីយ៍ ប្រេងឥន្ធនៈកាល់តិច ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ក្រោយពីក្រុមក្មេងទំនើង បានធ្វើសកម្មភាពយកដុំថ្ម និងកាំបិតដេញកាប់ទៅលើជនរងគ្រោះមានគ្នាចំនួន០៦នាក់ ដែលកំពុងអង្គុយលើម៉ូតូនៅ មុខបន្ទប់ទឹកក្បែរម៉ាតកញ្ចក់របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ប៉ុន្តែត្រូវបានជនរងគ្រោះគេចផុត ហើយក្រុមជន សង្ស័យក៏បានបន្តទៅកាប់ម៉ូតូ របស់ជនរងគ្រោះឈ្មោះ រុន ចាន់តុលា ភេទប្រុស អាយុ១៨ឆ្នាំ ម៉ាកនិច ពណ៌ស ស៊េរី ឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ 1KX-3361 បណ្តាលឱ្យបែកចង្កៀងបំភ្លឺផ្លូវពីមុខ ០១កន្លែង និងរយះជ័រស្រោម តាបឡូខាងស្តាំចំនួន០១កន្លែង ហើយបានកាប់ត្រូវម៉ូតូរបស់ជនរងគ្រោះឈ្មោះ ម៉េង ផល្លា ភេទប្រុស អាយុ២១ឆ្នាំ ម៉ាកនិច ពណ៌ស លាយលឿង ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខតាកែវ 1R-0948 បណ្តាលឱ្យបែកក្បាលតាបឡូ០១ កន្លែង និងក្បាំងខាងឆ្វេង ០១កន្លែង និងបានគប់ដុំថ្មហោះទៅត្រូវនឹងជញ្ជាំងកញ្ចក់ម៉ាត ហើយបណ្តោយឱ្យជនរង គ្រោះឈ្មោះ ស៊ឹម ស៊ីយ៉ាន ភេទស្រី អាយុ២១ឆ្នាំ ខូចខាតកញ្ចក់ចំនួន០១ផ្ទាំង មានទំហំ១,១៣ម៉ែត្រ និងកម្ពស់ ២,៩១ម៉ែត្រ ។ បន្ទាប់មកសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យបានចំនួន០២នាក់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួចកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពត ។

បន្ទាប់ពីចៅក្រមស៊ើបសួរបានសាកសួរយកចម្លើយជនត្រូវចោទឈ្មោះ ណាំ សេង ហៅខ្លាញ់ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ វុន សីហា ភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងបានពិនិត្យភស្តុតាងនានា ដែលមានក្នុងសំណុំ រឿង ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទទាំងពីរនាក់មានឈ្មោះ ណាំ សេង ហៅខ្លាញ់ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ វុន សីហា ភេទប្រុស អាយុ១៩ឆ្នាំ នៅពន្ធនាគារខេត្តកំពត ដើម្បីបន្ត កិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print