វឌ្ឍនភាពការងារជួសជុលបន្ទាន់ច្រាំងស្ទឹងព្រែកត្នោតបាក់ស្រុត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ​ គិតមកទល់ពេលនេះសម្រេចបានប្រវែង ៤៣៧ម៉ែត្រ ស្មើនឹង ៨៥% នៃប្រវែងបាក់ស្រុតសរុប ៥១៥ម៉ែត្រ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលបន្ទាន់ច្រាំងស្ទឹងព្រែកត្នោតដែលបាក់ស្រុតចំនួន បីទីតាំងស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់តាក្ដុល ភូមិបត្តាជី១ និងបត្តាជី២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ផាង វី បានបញ្ជាក់ឱ្យដឹងថា វឌ្ឍនភាពការងារជួសជុលបន្ទាន់ច្រាំងស្ទឹងព្រែកត្នោតបាក់ស្រុតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ គិតមកទល់ពេលនេះសម្រេចបានប្រវែង ៤៣៧ម៉ែត្រ ស្មើនឹង ៨៥% នៃប្រវែងបាក់ស្រុតសរុប ៥១៥ម៉ែត្រ។ លោកប្រធាននាយកដ្ឋានបានគូសបញ្ជាក់ថា ការងារជួសជុលនេះគឺបុកស្មាច់ទប់ជម្រាលជើងទេរ និងរៀបបាវខ្សាច់ ដោយក្នុងនោះបានប្រើប្រាស់អេស្កាវ៉ាទ័រចំនួន ៥គ្រឿង រ៉ូឡូ១គ្រឿង ប៊ូដូស័រ១គ្រឿង និងរថយន្ដដឹកចំនួន២០គ្រឿង ហើយតាមការគ្រោងទុកការងារនេះនឹងសម្រេចរួចរាល់១០០% ក្នុងរយៈពេលពេល ១សប្តាហ៍ទៀត។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អមដំណើរដោយមន្ត្រីបច្ចកទេសក្រសួងនិងមន្ទីរ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចុះពិនិត្យជាក់ស្តែងស្ថានភាពច្រាំងស្ទឹងព្រែកត្នោតដែលរងការបាក់ស្រុតក្នុងភូមិសាស្ត្រខាងលើ និងបានបញ្ជាឱ្យនាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលបន្ទាន់ ដើម្បីបញ្ចៀសការបាក់ដាច់ហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវថ្នល់ និងផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម ជាពិសេសដើម្បីការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីការពារច្រាំងស្ទឹងនៅមុនពេលទឹកឡើងមកដល់នាពេលដ៏ខ្លីខាងមុខ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print