ដំណើរទស្សនកិច្ចសិក្សារបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើងទី៣

ចែករំលែក៖

តាមខេត្តជាប់ព្រំដែន៖ ដំណើរទស្សនកិច្ចសិក្សារបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើងទី៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០ នាក់មកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ដើម្បីឱ្យសាធារណជនបានឃើញការស្វែងយល់ពីអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ការបោះបង្គោលព្រំដែន និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមខេត្តជាប់ព្រំដែន។

ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងចំនួន៧ ទីតាំង ដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។ ក្រៅពីដំណើរទស្សនកិច្ចរៀបចំដោយរដ្ឋាភិបាលក៏មានការរៀបចំដោយក្រសួងស្ថាប័នអង្គភាព និងក្រុមហ៊ុនឯកជននានាដើម្បីឱ្យមន្ត្រី និងបុគ្គលិករបស់ខ្លួនបានស្គាល់ច្បាស់ពីទឹកដី ដោយមិនលង់ក្នុងការបោកប្រាស់ និងការបំភ្លៃរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែយកបញ្ហាព្រំដែននិងទឹកដីមកបន្លាច និងបង្កចលាចលសង្គម។ 

ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។

ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រនិងមានសារៈសំខាន់។ ដំណើរទស្សនកិច្ចនេះបានក្លាយជាសាក្សីរស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។

សូមរំឭកថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print