សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះបី កម្ពុជាប្រកាសដកខ្លួនពី CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន្ត នៃប្រទេសរបស់ខ្លួន ដដែល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទោះបីជាកម្ពុជា ប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួចហើយក្តី ក៏គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍបណ្តាខេត្តភូមិភាគឦសាន្តរបស់កម្ពុជា គឺនៅតែរក្សាដដែល មិនមានការប្រែប្រួលទេ។

ការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតបតាមចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួន ដែលហាក់ព្រួយបារម្ភខ្លាច រាជរដ្ឋាភិបាល ឈប់អភិវឌ្ឍបណ្តាខេត្តភូមិភាគឦសាសន្ត ដោយសារតែការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA។

តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន្ត នៃប្រទេសរបស់ខ្លួន ក៏ដូចជា ការធានានូវការការពារទឹកធី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅផ្ទាល់នៅខេត្តភូមិភាគឦសាន្តផ្ទាល់តែម្តង ដូច្នេះការបន្តគោលនយោបាយជំរុញអភិវឌ្ឍភូមិភាគឦសាន្តរបស់កម្ពុជា គឺនៅរក្សាដដែលមិនមានការប្រែប្រួល ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កសាងផ្លូវខ្សែក្រវាតព្រំដែន ដែលគិតមកដល់ពេលនេះមានប្រមាណ ៧០ម៉ឺននាក់ហើយ ដែលគិតជាថវិកាប្រមាណ ២១លានដុល្លារអាមេរិកផងដែរ។ សម្តេចបានបន្ថែមថា វិភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត, ការកសាងផ្លូវក្រវាត់ព្រំដែន នៅជាប់ប្រទេសទាំង៣ ឡាវ-ថៃ-វៀតណាម បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានកសាងសម្រេចចំនួន ១៣០០គីឡូម៉ែត្រហើយ ដែលនៅសេសសល់ប្រមាណ ១៣០០គីឡូម៉ែត្រទៀត នឹងត្រូវធ្វើបន្ត។

ដោយសង្កេតឃើញចលនានៃការបរិច្ចាគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅតែមានការចូលរួមជាហូរហែនោះ សម្តេចធិបតី បានបញ្ជាក់ថា ក្រុមការងារ នឹងបន្តទទួលថវិការហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ហើយនៅពេលបិទបញ្ចប់ក្រុមការងារនឹងជម្រាបអំពីចំនួនទឹកប្រាក់ចុងក្រោយ និងផែនការច្បាស់លាស់ដើម្បីប្រើប្រាស់ថវិកាទាំងនេះ។

ចំពោះការរៀបចំដំណើរទស្សនកិច្ចនៅខេត្តភូមិភាគឦសាន្ត រៀងរាល់ចុងសប្តាហ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤ សម្តេចធិបតី ក៏បានប្រកាសឱ្យបន្តរក្សាដដែល ដើម្បីឱ្យពលរដ្ឋបានទស្សនាជាក់ស្តែងនូវបណ្តាខេត្តភូមិភាគឦសាន្តរបស់កម្ពុជា។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print