ខេត្តកំពង់ចាម៖ បើយោងតាមប្រភពព័គ៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមបានឱ្យដឹងថា ៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤នេះ បានបន្តឡើងថែមទៀតដល់កម្ពស់១៣.៧៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង០,១៨ម៉ែត្រ។ ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៣ទឹកទន្លេមានកម្ពស់១២,៦៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត កំពង់ចាម។ លោកប្រធានមន្ទីរបានបញ្ជាក់បន្តថា៖ ដោយឡែកខណៈស្ថានភាពទឹកទន្លេកំពុងបានសម្រុកឡើង នេះ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤ទឹកទន្លេមេគង្គបានហូរចូលព្រែកបានចំនួន៣៦ក្នុងចំណោម៤១ព្រែកក្នុងនោះរួមមាន
១-ស្រុកស្ទឹងត្រង់:៥/៥ព្រែក
២-ស្រុកកំពង់សៀម៩/១១ព្រែក
៣-ស្រុកកងមាស:១០/១៣ព្រែក
៤-ស្រុកកោះសូទិន:៥/៥ព្រែក
៥-ស្រុកស្រីសន្ធរ:៧/៧ព្រែក
ជាមួយគ្នានេះដែរលោកអ៊ុម វិបុល បានបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពអាកាសធាតុមានភ្លៀងផ្គររន្ទះកម្រិតតិចទៅច្រើនក្នុងបរិមាណជាមធ្យមពី១០%ទៅ២០% និងមានខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី១ទៅ៤ម៉ែត្រក្នុង១វិនាទី ៕ ដោយ ៖ សិលា