ខេត្តបាត់ដំបង ៖ អ្នករត់តាក់ស៊ីម្នាក់ បើទោះមិនព្រម
ទទួលស្គាល់ថា ខ្លួនបានសម្លាប់គូរស្នេហ៍ហេងស៊យក្ដីក៏ត្រូវលោកស្នងការ និងលោកព្រះរាជអាជ្ញា សម្រេចបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនដែរ ដោយយោងលើវត្ថុតាងខ្លះៗ និងស្លាកស្នាមនានានៅលើខ្លួនជនរងគ្រោះ ដែលផ្ទុយពីការផ្ដល់ចម្លើយរបស់ជនសង្ស័យរូបនេះ ។ នេះបើយោងសម្រង់សម្ដីសមត្ថកិច្ចដែលបានសួរនាំ ។
បើតាមរបាយការណ៍សមត្ថកិច្ច ការស្លាប់របស់ស្ត្រីម្នាក់ ដែលគេសង្ស័យជាអំពើ «ឃាតកម្ម» នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែ កញ្ញា នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ។ ជន សង្ស័យឈ្មោះ តឿ រ៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅកន្លែងកើតហេតុ ហើយត្រូវបានកម្លាំងអធិការស្រុកសង្កែឃាត់ខ្លួន ។
ស្ត្រីរងគ្រោះឈ្មោះម៉ៅ ស៊ីណាតអាយុ៣៣ឆ្នាំរស់នៅភូមិ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ បើតាមសមត្ថកិច្ចថា ជនសង្ស័យនិងស្ត្រីរងគ្រោះ គឺជាគូស្នេហ៍ស្និទ្ធិស្នាលជាមួយគ្នាយ៉ាងស៊ីជម្រៅ ដែលតែងណាត់គ្នាក្រេបចន្ទទឹកឃ្មុំជាញឹកញាប់នៅផ្ទះខាងប្រុស ។ ប្រភពដដែលបញ្ជាក់ថា នៅយប់កើតហេតុ អ្នករត់តាក់ស៊ីនោះ បានផឹកស៊ីជាមួយគ្នីគ្នាក្នុងភូមិហើយបានព្យាយាមហៅស្រីស្នេហ៍ទៅផឹកដែរ ។ នាងក៏បានទៅចូលរួមដែរ រហូតយប់នោះ ពួកគេនៅដេកជាមួយគ្នានៅផ្ទះកើតហេតុ(ផ្ទះខាងប្រុស) ។ លុះព្រឹកឡើង ជនសង្ស័បានរាយការណ៍ប្រាប់បងប្អូនខាងស្រី និងសមត្ថកិច្ចថា «សង្សារខ្លួនបានចង.កសម្លាប់ខ្លួនក្នុងបន្ទប់ដេក» ។
ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក លឹម ពុទ្ធីឡា បានចុះទៅពិនិត្យនៅកន្លែងហេតិផ្ទាល់ មិនអាចសុំការបំភ្លឺបន្ថែមបានដែរជុំវិញករណីនេនេ។ ប៉ុន្តែអធិការនគរបាលស្រុកសង្កែ លោក យុត តុងហូ បានប្រាប់ថា ក្រោយកើតហេតុ និងក្រោយពីមន្ត្រីបច្ចេកទេសពិនិត្យលើសាកសព និងសួរនាំបឋមលើបុរសជាគូស្នេហ៍ដោយលើវត្ថុតាងមួយចំនួន និងស្លាកស្នាមលើជនរងគ្រោះ ដែលគេសង្ស័យអាចមានជាប់ពាក់ព័ន្ធនឹងការស្លាប់ស្ត្រីរងគ្រោះ លោកស្នងការ និងតំណាងអយ្យការក៏បានសម្រេចឲ្យមន្ត្រីជំនាញឃាត់ជនសង្ស័យ ដែលគូស្នេហ៍ស្ត្រីរងគ្រោះ ជាបណ្ដោះអាសន្ន ដើម្បីសួរនាំបន្ត ។
ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីរងគ្រោះ បើតាមសម្រង់សម្ដីសមត្ថកិច្ចដែលទទួលព័ត៌មានបឋមពីជនសង្ស័យដែលរាយការណ៍ដំបូង ជនសង្ស័យបានរាយការណ៍ថា «គូស្នេហ៍ខ្លួន បានចងកសម្លាប់ខ្លួនភ្ជាប់នឹងសសរជញ្ជាំងនៅក្នុងបន្ទប់ដេកជាមួយខ្លួន ដោយប្រើកន្សែង ពោះគោពណ៌ក្រហម» ។ ក្រោយទទួលដំណឹងនេះ សមត្ថកិច្ចជំនាញ និងមន្ត្រីមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ។
មន្ត្រីបាននិយាយថា នៅក្នុងបន្ទប់កើតហេតុ គេឃើញស្ត្រីរងគ្រោះស្ថិតក្នុងរង្វង់ចំណងកន្សែងពោះគោពណ៌ក្រហមភ្ជាប់នឹងសសរជញ្ជាំង ដែលមានកម្ពស់ ប្រហែល ១ម៉ែត្រពីការ៉ូក្បែរគ្រែដេក ។ ប៉ុន្តែគេពិនិត្យឃើញមានស្លាកស្នាមដែលគូរឲ្យចាប់អារម្មណ៍ និងសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអំពើ «ឃាតកម្ម» គឺគេពិនិត្យឃើញមានស្នាមរឹត.កដោយខ្សែ។ ត្រង់ចំណុចនេះមន្ត្រីជំនាញហាក់ដាក់ការសង្ស័យ និងធ្វើការសន្និដ្ឋានបឋមថា ស្ត្រីរងគ្រោះអាចត្រូវជនដៃដល់ប្រើខ្សែរឹត.កសម្លាប់ជាមុន ទើបប្រើល្បិចយកសាកសពទៅចងភ្ជាប់សរសរផ្ទះ ដោយប្រើប្រាស់កន្សែងពោះគោ ។
មន្ត្រីដដែលបានបញ្ជាក់ថា បើពិនិត្យលើចំណងកន្សែង ពោះគោ និងកម្ពស់ចំណងស្ត្រីរងគ្រោះមិនអាចស្លាប់ដោយការធ្វើអត្តឃាតបែបនេះទេ ។ ការស្លាប់នេះ អាចត្រូវជនដៃដល់សម្លាប់រួចហើយ ទើបយកសាកសពទៅចងនឹងចំណងកន្សែងពោះគោ ។
ព្រឹត្តិហេតុដែលកើតឡើងមុនពេលស្ត្រីរងគ្រោះស្លាប់នៅក្នុងបន្ទប់ដេកជាមួយគូស្នេហ៍ បើតាមប្រភពខ្លះនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គូស្នេហ៍រវាងស្ត្រីរងគ្រោះជាមួយអ្នករត់តាក់ស៊ីនេះ ត្រូវគេសង្កេតឃើញមានទំនាក់ទំនងគ្នាយ៉ាងស្និទ្ធិស្នាលមានរយៈពេលយូរក្រែលហើយ ។ ប្រភពបានបញ្ជាក់ទៀតថា នៅយប់នោះ មុនពេលកើតហេតុ គេឮសំឡេងស្ត្រីរងគ្រោះ និងអ្នករត់តាក់ ស៊ីមានការឈ្លោះប្រកែកគ្នាពេលចូលក្នុងបន្ទប់ ក្រោយបញ្ចប់ការផឹកស៊ី ។ នៅព្រឹកឡើងស្រាប់តែមានការភ្ញាក់ ផ្អើលថា សង្សារកំណាន់ចិត្តអ្នករត់តាក់ស៊ីបានចង.កសម្លាប់ខ្លួនក្នុងបន្ទប់បាត់ទៅហើយ ។
ត្រង់ចំណុចនេះ បើតាមលោកយុត តុងហូ អធិការស្រុកសង្កែប្រាប់ថា ក្រោយត្រូវឃាត់ខ្លួនអ្នករត់តាក់ស៊ីម្នាក់នេះយកទៅសាកសួរ ស្ទើរពេញមួយថ្ងៃហើយ ជននេះមិនព្រមសារភាពទទួលស្គាល់ថា ខ្លួនបានឈ្លោះប្រកែកគ្នានៅយប់កើតហេតុនោះទេ ហើយក៏មិនជាប់ពាក់ព័ន្ធនឹងការស្លាប់គូសង្សារដែរ ។ ប៉ុន្តែស្របពេលនោះ មន្ត្រីជំនាញក៏បានឆែករកឃើញភស្ដុតាងខ្លះ ដែលភាគីទាំង២ បានប៉ះពាក្យសម្ដីគ្នាតាមរយៈសារជាសំឡេងក្នុងប្រព័ន្ធតេឡេក្រាម ដែលគូរស្នេហ៍ទាំង២បានឆ្លងឆ្លើយគ្នានៅមុនថ្ងៃកើតហេតុ ។
លោក តុង ហូ បានបញ្ជាក់ថា បើតាមការស្ដាប់ខ្លឹមសារនៃសារជាសំឡេងតាមតេឡេក្រាមនោះ ជនសង្ស័យហាក់មានការប្រចណ្ឌទៅលើគូស្នេហ៍របស់ខ្លួន ហើយបានព្យាយាមហៅនាងឲ្យមកជួប ខណៈដែលខ្លួនកំពុងផឹកស៊ីនៅផ្ទះ ។ លោកអធិការបានបន្ថែមថា ពេលលុះនាងមកដល់ក៏ផឹកស៊ីជុំគ្នា តែនាងផឹកបានត្រឹម២កំប៉ុងក៏ចូលដេកក្នុងបន្ទប់ ហើយបន្តិចក្រោយមក ខាងប្រុសក៏ចូលដេកដែរ លុះព្រឹកឡើងក៏មានរឿងភ្ញាក់ផ្អើលថា សង្សារខ្លួនបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេក ។
លោក យុត តុងហូ បញ្ជាក់ទៀតថា មន្ត្រីជំនាញបានធ្វើការសួរនាំស្ទើរពេញមួយថ្ងៃហើយ តែជនសង្ស័យរូបនេះ មិនឆ្លើយសារភាពទេ បើទោះជាមន្ត្រីជំនាញបានបង្ហាញភស្ដុតាងខ្លះៗ និងសារជាសំឡេងដែលជននេះ បានប៉ះទង្កិចគ្នាជាមួយស្ត្រីរងគ្រោះឆ្លងឆ្លយតាមតេឡេក្រាម មុនពេលថ្ងៃកើតហេតុក្ដី ។ ប៉ុន្តែបើទោះជាជននេះបដិសេធមិនទទួលស្គាល់កំហុសក្ដី តែពេលនេះ លោកស្នងការ និងតំណាងអយ្យការអមសាលាដំបូងខេត្តបានសម្រេចបញ្ជាឲ្យឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធី៕