ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការងារចុះជួយគាំទ្រសាលារៀនគំរូ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
មុនឈានដល់កិច្ចពិភាក្សា ក្រុមការងារជំនាញបានរាយ ការណ៍ជូនអង្គប្រជុំអំពី របាយការណ៍វឌ្ឍនភាពការអនុវត្តកម្មវិធីចុះគាំទ្រ ការអនុវត្តស្តង់ដាសាលារៀនគំរូក្នុងក្របខណ្ឌ ១). គម្រោង USESDP-2 ២). គម្រោង STEP UP ៣).គម្រោង GEIP ៤). ការប្រើប្រាស់ថវិការដ្ឋ សម្រាប់ការងារចុះជួយសាលារៀនគំរូ។
ដើម្បីធានាបាននិរន្តភាព និងប្រសិទ្ធភាពការងារ បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ ជំនាញឱ្យចុះជួយគាំទ្រ និងពិនិត្យនៅសាលារៀនដោយផ្ទាល់ បង្កើតឱ្យមានប្រព័ន្ធរបាយការណ៍ និងយន្តការចុះជួយគាំទ្ររួម ដែលមានស្តង់ដាតែមួយ ទោះក្នុងក្របខណ្ឌគម្រោងមួយណាក៏ ដោយ ប្រើប្រាស់ធនធានឱ្យបានត្រឹមត្រូវ, មានគ្រូ បង្គោលសម្រាប់បង្វិក ឬបង្ហាត់ណែនាំពីវិធីសាស្ត្របង្រៀនថ្មីនៅតាមសាលារៀន, មានប្រព័ន្ធសម្រាប់ពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំ ក៏ដូចជារបាយ ការណ៍សង្ខេបរាល់ការចុះជួយ ដោយត្រូវបង្ហាញពីគោលបំណង សមាសភាពក្រុមការងារ និងសកម្មភាពការងារចុះជួយ ដើម្បីងាយស្រួលក្នុងការគាំទ្រ និងវាយតម្លៃវឌ្ឍនភាពការងារ និងបានគូសបញ្ជាក់ថា ការរៀបចំឱ្យមានប្រព័ន្ធរឹងមាំច្បាស់លាស់នេះ នឹងធ្វើឱ្យការអនុវត្តគម្រោងចុះជួយគាំទ្រសាលាគំរូមាននិរន្តភាព។
គួរបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំស្តង់ដាសាលារៀនគំរូ កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ជាខ្នាតគំរូមួយសម្រាប់កំណត់វិសាលភាព និងវាស់វែងការអនុវត្តរបស់សាលារៀន ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព និងគុណភាពអប់រំ ដែលសមស្របតាម និងបរិបទរបស់ប្រទេសកម្ពុជា។
ស្តង់ដាសាលារៀនគំរូតាមកម្រិតសិក្សានីមួយៗ បានបែងចែកជាស្តង់ដាចំនួន ៥ រួមមាន៖ (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង(ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន៕