ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទីក្នុងការប្រកួតទី៥ជាប់ៗគ្នារបស់ខ្លួនដើម្បីបន្តការចាប់ផ្តើមដ៏ល្អ ក្នុងការបង្ហាញខ្លួនឲ្យក្រុម Real Madrid ខណៈដែលក្រុមនេះផ្តួលក្រុម Deportivo Alaves ក្នុងលទ្ធផល៣ទល់២ នៅក្របខ័ណ្ឌ La Liga សម្រាប់ការប្រកួតសប្តាហ៍ទី៧កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ កញ្ញានេះ។
កីឡាករ Lucas Vazquez បានជួយឱ្យម្ចាស់ជើងឯក La Liga មួយនេះនាំមុខក្នុងរយៈពេលត្រឹមតែ៥៧វិនាទី ពេលចាប់ផ្តើមប្រកួត មុនពេលកីឡាករបារាំង Mbappe រកបានសំណាញ់ទីដែលជាគ្រាប់ទី២នៃការប្រកួត ដោយការស៊ុតបញ្ចូលទីយ៉ាងល្អ បន្ទាប់ពីត្រូវបានបង្កើតឱកាសដោយ Jude Bellingham ។
ខ្សែបម្រើប្រយុទ្ធ Rodrygo បានបន្ថែមគ្រាប់ទី៣បន្ទាប់ពីការចាប់ផ្តើមប្រកួតតង់ទី២នាទីទី៤៨ ប៉ុន្តែកីឡាករ Carlos Benavidez របស់ក្រុម Alaves រកបាន១គ្រាប់តាមពីក្រោយវិញសម្រាប់ក្រុមភ្ញៀវនៅនាទីទី៨៥។ បន្ទាប់មកកីឡាករ Kike Garcia របស់ Deportivo Alaves បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៨៦ដើម្បីធានាបាននូវការព្យាយាមតាមស្មើនៅចុងតង់ទី២ ប៉ុន្តែក្រុមរបស់លោក Carlo Ancelotti នៅតែអាចរក្សាបាននូវជ័យជម្នះសម្រាប់សប្តាហ៍ទី៧នេះ ដោយបន្តដេញតាមពីក្រោយក្រុមកំពូលតារាង Barcelona។
ការបង្ហាញខ្លួនយ៉ាងល្អនៅទឹកដីអេស្ប៉ាញរដូវកាលនេះរបស់ Mbappe មានន័យថា កីឡាករវ័យ២៥ឆ្នាំរូបនេះឥឡូវនេះរកបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន៩ប្រកួតនៅរដូវកាលនេះសម្រាប់ Real Madrid រួមទាំង៦គ្រាប់ក្នុង៧ប្រកួតចុងក្រោយរបស់គាត់។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Mbappe និង Bellingham ក៏បានចូលរួមសហការគ្នាយ៉ាងល្អនៅនាទីទី២៣ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានព្យាយាមស៊ុតបញ្ចូលទីហើយ បែរជាខុសគោលដៅទៅវិញ។ Mbappe បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំនៅក្លិប Real Madrid កាលពីខែកក្កដាបន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យារបស់គាត់នៅ Paris St-Germain ៕ (រូបភាព ៖ BBC Sport)