ប្រទេសចិន ៖ ក្នុងថ្ងៃទី៣នៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាសារមន្ទីរបក្សកុម្មុយនីស្តចិន ដែលជាកន្លែងប្រវត្តិសាស្រ្តដ៏មានប្រជាប្រិយល្បីល្បាញមួយរបស់ប្រទេសចិន។
សារមន្ទីរបក្សកុម្មុយនិស្តចិន បានសម្ពោធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីរំលឹកខួបលើកទី១០០ នៃការកកើតរបស់បក្សកុម្មុយនីស្តចិន។ សារមន្ទីរនេះជាកន្លែងតំាងពិព័រណ៍អចិន្ត្រៃយ៍ ដែលបានបង្ហាញពីស្នាដៃជាប្រវត្តិសាស្រ្ត ដើម្បីឧទ្ទិសដល់បុព្វបុរសបដិវត្តន៍ចិន ដែលបានតស៊ូ លះបង់ ព្យាយាមយ៉ាងស្វិតស្វាញ ក្នុងកិច្ចកសាងប្រទេសជាតិ។ ជាមួយគ្នានេះ សារមន្ទីរនេះក៏បង្ហាញសមិទ្ធផលនិងតួនាទីសំខាន់ៗរបស់បក្ស និងជាឃ្លំាងកណ្តាលនៃមរតកបដិវត្តន៍របស់ចិន។
ក្នុងឱកាសអញ្ជើញទស្សនាសារមន្ទីរនេះ សម្តេចរដ្ឋសភាធិបតី បានចារនៅលើសៀវភៅកំណត់ត្រារបស់សារមន្ទីរថា “តាងនាមគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានសេចក្តីស្ងើចសរសើរ និងមោទនភាពយ៉ាងខ្លាំងចំពោះស្នាដៃសារមន្ទីរនៃគណបក្សកុម្មុយនីស្តចិន ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពអស្ចារ្យគួរឱ្យស្ញប់ស្ញែង និងរចនាប័ទ្មដ៏ល្អឥតខ្ចោះពីអរិយធម៌ដ៏រុងរឿងរបស់មិត្តចិនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីអានុភាពនៃឯកភាពជាតិ និងឥទ្ធិពលដ៏រឹងមាំយូរអង្វែងនៃទ្រឹស្តី និងទស្សនវិជ្ជាក្នុងការកសាង និងអភិវឌ្ឍប្រទេសចិនទៀតផង”។
សម្តេចបានបន្តថា តាមរយៈសារមន្ទីរជាប្រវត្តិសាស្រ្តនេះ គេបានដឹងអំពីការពុះពារតស៊ូ លះបង់និងសមិទ្ធផលដ៏ធំធេងដែលគណបក្សកុម្មុយនីស្តចិនសម្រេចបានតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ក្លាយជាប្រទេសសង្គមនិយមទំនើបមួយ ប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងមានសុខដុមនីយកម្ម។
នៅចុងបញ្ចប់នៃចំណារ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា “សូមឱ្យចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បន្តឈានឆ្ពោះទៅមុខជានិច្ច នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជាតិទាំងសងខាង។”
សួមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៥ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង និងក្រុងសៀងហៃ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ក៏ជាដូចជាពង្រឹងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានដូចជា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំជាដើម៕