ភ្នំពេញ ៖ ស្នូរកណ្ដឹងបន្លឺឡេីង….!!!
ក្រុមព្រះសង្ឃដែលគង់កំដរចាំចូលគាល់បម្រេីសម្ដេចព្រះសង្ឃរាជបាននិមន្តយ៉ាងរហ័សចូលទៅក្នុងក្រឡាបន្ទំនៃសម្ដេច ។ គ្រានោះសម្ដេចព្រះសង្ឃរាជទ្រង់មានព្រះបន្ទូលថា <<ខ្ញុំចុកណាស់ៗ>>។ រំពេចនោះព្រះសង្ឃដែលនៅកំដរនៅទីនោះបានជំនុំពិគ្រោះគ្នាឱ្យព្រះសិរីវិសុទ្ធ ម៉ី យ៉ាំង ទូរសព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង និង ទៅក្រសួងធម្មការ ។ ក្រោយមកក្រុមវេជ្ជបណ្ឌិតជាច្រេីនរូបបានអញ្ជេីញមក រួមទាំងវេជ្ជបណ្ឌិតបារាំងផង បានចូលពិនិត្យព្រះរាជសុខភាពនៃសម្ដេច ឃេីញថាព្រះរោគនៃទ្រង់មិនធ្ងន់ខ្លាំងទេ តែយ៉ាងណាក៏ដោយខាងក្រសួងសុខាភិបាលបានចាត់លោកគ្រូពេទ្យ យូ គឹមយាន និង លី គឹមសាន ឱ្យមករក្សាព្រះរោគ និង ថ្វាយព្រះឱសថជាប្រចាំ ។ ថ្ងៃព្រហស្បតិ៍ ១៤កេីត ខែភទ្របទ ព.ស. ២៥១៣ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា គ.ស. ១៩៦៩ រាត្រីនោះមានព្រះចន្ទបាំង ឆ័ត្រ គួរឲ្យអស្ចារ្យ ។ ម៉ោង ២០ : ២០នាទី ស្រាប់តែព្រះអស្សាសប្បស្សាសៈ ( ខ្យល់ដង្ហេីមចេញចូល ) នៃសម្ដេចសង្ឃរលត់ស្ងប់ឈឹងអំពីព្រះកាយលេីព្រះទែនសយនាក្នុងព្រះរាជដំណាក់របស់ព្រះអង្គក្នុងព្រះជន្ម ៨៦ ព្រះវស្សា ។ ក្រោយពេលដែលសម្ដេចព្រះសង្ឃរាជសោយទិវង្គតភ្លាម ព្រះសង្ឃជាច្រេីនអង្គ រួមទាំងគិលានុបដ្ឋាកផងនោះ ចាប់ផ្ដេីមរំជួលចិត្តញាប់ញ័រស្រឡាំងកាំង ក៏ប្រញាប់ប្រញាល់ផ្សព្វផ្សាយដំណឹងនៃការសោយទិវង្គតនៃសម្ដេចទៅដល់ព្រះសង្ឃក្នុងវត្តភ្លាម ខ្លះនិមន្តទៅប្រាប់ដល់វត្តឯទៀត , ខ្លះទៅខាងព្រះរាជដំណាក់ចំការរមន , ខ្លះទៅក្រសួងធម្មការ , សាលាក្រុង និង ស្ថាប័នឯទៀត ។ ក្រោយមកសម្ដេចព្រះប្រមុខរដ្ឋនរោត្តម សីហនុ ស្ដេចយាងយ៉ាងប្រញាប់មកមហាកុដិនាវត្តឧណ្ណាលោមដេីម្បីក្រាបបង្គំព្រះបរមសព ។ សម្ដេចព្រះពោធិវង្ស ហួត តាត គង់ប្រកៀកនឹងព្រះសពដោយព្រះភ័ក្ត្រស្រពោន ។ ឯខាងព្រះបរមរាជវាំងសម្ដេចព្រះមហាក្សត្រិយានីជាអម្ចាស់ជីវិតលើត្បូងស្ដេចចាត់ឱ្យព្រះរាជតំណាងមកថ្វាយបង្គំព្រះបរមសព គ្រានោះក៏មានឥស្សរជនជាច្រេីនរូបអញ្ជេីញ មក ៕
ដោយ ៖ សិលា