ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៥លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។
ដូច្នេះមិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! មិនត្រូវបើកបរហួសល្បឿនកំណត់! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! សូមបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ៥លើកមានដូចជា៖ (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ០នាក់), រងរបួសសរុប ៩នាក់ (ស្រី ៤នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ២នាក់) រងរបួសស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ២នាក់) និងមិនគោរពសិទ្ធិ ១លើក (របួសធ្ងន់ ១នាក់ និងរបួសស្រាល ១នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់)( របួសស្រាល ២នាក់)៕
ដោយ៖តារា