សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មិត្តភាពដែកថែបកម្ពុជា-ចិន ឈរលើការណ៍គោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ចែករំលែក៖

ប្រទេសចិន ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាស៍លើកឡើងថា ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន មានភាពរឹងមាំ ធន់ និងយូរអង្វែង ដោយឈរលើការណ៍គោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលរួមលៀងសាយភោជន៍ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ដែលរៀបចំឡើងដោយលោកស្រី ហ័ង លីស៊ីន (Huang Lixin) ប្រធានសភាតំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងការទទួលស្វាគមន៍ ដល់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បង្ហាញក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ ជាទីក្រុងទំនើប ស៊ីវិល័យ ព្រមទាំងជាទីក្រុងឆ្លាតវៃ ពោរពេញទៅដោយភាពរស់រវើក ពាណិជ្ជកម្មសម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតថែមទៀតផង។

សម្តេចបានគូសបញ្ជាក់ថា ទោះបីជាដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាដំណើរទស្សនកិច្ចមួយដ៏មានតម្លៃ គួរចងចាំ និងមានសារៈសំខាន់បំផុត ព្រោះយើងមានឱកាសបានសិក្សា ស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើនពីមិត្តចិន ព្រមទាំងបង្កើនបាននូវភាពស្និទ្ធស្នាលនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងជាមួយទីក្រុងសៀងហៃផ្ទាល់តែម្តង ហើយសង្ឃឹមថា ការផ្លាស់ប្តូរបែបនេះនឹងកើតមានជាបន្តទៀតនាពេលអនាគត។

លោកស្រី ហ័ង លីស៊ីន បានលើកឡើងថាពលរដ្ឋសៀងហៃ សូមស្វាគមន៍ដោយក្តីរីករាយដល់វត្តមាន គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលជាមិត្តដែកថែបរបស់ប្រទេសចិន។

លោកស្រីបានគូសបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកកម្ពុជា ជាមិត្តជិតស្និតប្រៀបបាននឹងបងប្អូន។ សៀងហៃបើកទ្វារស្វាគមន៍ចំពោះកម្ពុជាដោយបេះដូង។កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរបានចាក់ឫសយ៉ាងជ្រៅ ប្រកបដោយភាពរឹងមាំ ព្រមទាំងបានលូតលាស់ រីកចម្រើនជាលំដាប់ និងស៊ីជម្រៅ។

សូមជម្រាបថាទីក្រុងសៀងហៃជាទីក្រុងពាណិជ្ជកម្មធំជាងគេរបស់ប្រទេសចិន។ សៀងហៃជាមជ្ឈមណ្ឌលសកលជួរមុខគេមានមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងឧស្សាហកម្មដ៏សំខាន់ និងជាកំពង់ផែដ៏មមាញឹកបំផុតនៅលើពិភពលោក។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានជម្រាបប្រធានសភាតំណាងប្រជាជនក្រុងសៀងហៃអំពីលទ្ធផលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅរដ្ឋធានីប៉េងកំាង មុនពេលគណៈប្រតិភូបានមកដល់ទីក្រុងសៀងហៃ។

សម្តេចបានគូសបញ្ជាក់ថា នៅរដ្ឋធានីប៉េកាំង គណប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលរបស់មិត្តចិន ក្នុងនោះរួមមាន ឯកឧត្តម ចៅ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន និងលោក វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ប្រកបដោយលទ្ធផលផ្លែផ្កា ។ សមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយពីដំណើរទស្សនកិច្ចនេះគឺ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ និងអនុស្សារណៈនៃការយោគយល់គ្នារវាងលេខាធិការដ្ឋានសភាទាំងពីរ ។ ឯកសារទាំងពីរនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះ ក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។

តបតាមការអញ្ជើញរបស់ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេចិនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងនិងក្រុងសៀងហៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print