ភ្នំពេញ ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ទៅលើគោលនយោបាយអាទិភាពមួយចំនួនពាក់ព័ន្ធនឹងធនធានមនុស្ស ដូចជា៖
ទី១-មនុស្សដែលមានសុខភាពល្អ
ទី២-មនុស្សដែលមានសមត្ថភាព
ទី៣-ការផ្តល់ឱកាសតាមរយៈការជំរុញនិងបង្កើនការងារជូនប្រជាពលរដ្ឋ (ការទាក់ម៉ូយ)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ប្រសិទ្ធភាពស្ថាប័នគឺអាស្រ័យទៅលើការពង្រឹងធនធានមនុស្ស ដែលផ្តោតលើសុខភាពនិងសមត្ថភាពជាចម្បង ជាពិសេសការរៀបចំជ្រើសរើសមន្ត្រីដំបូង និងបំពាក់បំប៉នមន្រ្តីដែលមានស្រាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបញ្ចប់ការសិក្សា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិត, កិច្ចគាំទ្រពីមាតាបិតា និង អាណាព្យាបាលរបស់និស្សិត រួមទាំងសកម្មភាព ពាក់ព័ន្ធដទៃទៀតនៅក្នុងកម្មវិធីសិក្សា ដែលធ្វើឱ្យសម្រេចបានធនធានមនុស្សប្រកបដោយ មូលធនមនុស្សបន្ថែម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ អំណរគុណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានផ្តល់អាហារូបករណ៍ដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១,៥៦៣កន្លែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱកាសនៃការអប់រំអាចធ្វើទៅបានដូចពេលបច្ចុប្បន្ននេះ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព ការតភ្ជាប់ (ហេដ្ឋារចនាសម្ព័ន្ធ) ការរីកចម្រើនជីវភាពប្រជាពលរដ្ឋ និងការបើកឱកាសកាន់តែទូលាយសម្រាប់ការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ប្រព័ន្ធអប់រំនៅគ្រប់ប្រទេសទាំងអស់ ត្រូវតែធ្វើការកែលំអរជាប់ជាប្រចាំ គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ គ្មានមូលដ្ឋានអប់រំរឹងមាំនៅបឋមសិក្សា នៅមធ្យមសិក្សាទេនោះ មិនអាចមានមូលដ្ឋានរឹងមាំនៅឧត្តមសិក្សានោះឡើយ ៕
ដោយ ៖ សិលា