ខេត្តកំពង់ឆ្នាំង៖ នាល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពអាចាង ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
នៅក្នុងការចុះពិនិត្យនេះ លោករដ្ឋមន្ត្រី បានធ្វើការក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ ឲ្យយកចិត្តទុកដាក់លើការងារបច្ចេកទេស សំដៅធ្វើយ៉ាណា ឲ្យរាល់សំណង់ដែលបានសាងសង់រួចមានគុណភាពល្អ ធានាដល់ការប្រើប្រាស់បានស្ថិតស្ថេរយូរអង្វែង ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែលដី ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យការអនុវត្តគម្រោងនេះ ប្រព្រិត្តទៅដោយរលូនតាមផែនការដែលបានគ្រោងទុក ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងារ ជម្រុញការដោះស្រាយផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃដីប៉ះពាល់ដោយសារគម្រោងឲ្យបានឆាប់ ។
សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពអាចាង មានទីតាំងគ្របដណ្តប់លើឃុំចំនួន ០៨ នៃស្រុកបរិបូណ៍ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការអនុវត្ត កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដោយមានទំហំការងារ៖ សាងសង់សំណង់មេស្ទាក់ទឹក ចំនួន ០១ កន្លែង, ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៩,៥ គីឡូម៉ែត្រ, ជីកប្រឡាយរង ចំនួន ១០ ខ្សែ សរុបប្រវែង ២៩,៨៧ គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការតូចធំ សរុប ចំនួន ២២៤ កន្លែង ។
គិតត្រឹមថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦ នេះ ការអនុវត្តគម្រោងសម្រេចបានប្រមាណ ៨៥ % ហើយ ។ ក្រោយពេលបញ្ចប់គម្រោង ប្រព័ន្ធស្រោចស្រពអាចាង នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវលើផ្ទៃដី ប្រមាណ ១០.៣០០ ហិកតា របស់បងប្អូនប្រជាកសិករស្ថិតនៅក្នុងឃុំអញ្ចាញរូង ពេជ្រចង្វារ ពពាល ផ្សារ ខុនរុង្គ ពន្លៃ ចក និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ប្រព័ន្ធអាចាង ក៏ដើរតួនាទីកាត់បន្ថយទឹកជំនន់នៅផ្នែកខាងក្រោមស្ទឹងបរិបូណ៍ផងដែរ ៕
ដោយ៖ សុវណ្ណារ៉ា