ទីក្រុងញូវយ៉ក៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Daniel Chapman ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Argentem Creek ដើម្បីជម្រាបអំពីព័ត៌មានសក្ដានុពលសម្រាប់ការវិនិយោគឯកជននៅប្រទេសកម្ពុជា កាលពីទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ជំនួបនាឱកាសនេះផ្តល់លទ្ធភាពជូនលោក Daniel Chapman បានពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី អំពីបច្ចុប្បន្នភាពការវិនិយោគឯកជនក្នុងប្រទេសកម្ពុជា ព្រមទាំងស្វែងយល់អំពីសក្ដានុពល កាលានុវត្តភាពវិនិយោគ ពិសេសផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ថាមពល ធនាគារ-ហិរញ្ញវត្ថុ និងវិធីសាស្ត្រជាដំណោះស្រាយរំហូរហិរញ្ញវត្ថុ ជូនដល់ក្រុមហ៊ុននានាដែលមានតម្រូវការផងដែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីភាពបើកចំហរនៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ និងវិស័យជាអាទិភាពដែលត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញជូនអំពីវឌ្ឍនភាពនៃវិស័យថាមពល និងវិស័យធនាគារ-ហិរញ្ញវត្ថុរបស់កម្ពុជានាពេលបច្ចុប្បន្នផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិក្រុមហ៊ុន Argentem Creek ក្នុងការពិនិត្យលទ្ធភាពស្វែងរកពេលវេលាសមស្របណាមួយដើម្បីធ្វើទស្សនកិច្ចធុរកិច្ចទៅប្រទេសកម្ពុជា៕