ក្រុមភ្ញៀវហង្សក្រហម Liverpool នឹងធ្វើដំណើរទៅកាន់ក្រុមម្ចាស់ផ្ទះ Brighton ហើយក្រុមមាន់ខ្នាយមាស Tottenham នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City ក្នុងជុំទី៤នៃការប្រកួតជម្រុះ League Cup។
ចំណែកក្រុមបិសាចក្រហម Manchester United នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Leicester City នៅ Old Trafford ហើយ Crystal Palace ធ្វើដំណើរទៅជួបក្រុម Aston Villa ដែលជាក្រុមស្ថិតនៅក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា។
មានក្រុមមកពី Championship ចំនួន៣នៅតែចូលរួមក្នុងការប្រកួតនេះដោយក្រុម Sheffield Wednesday និង Stoke ត្រូវប៉ះ Brentford និង Southampton ខណៈដែលក្រុម Preston ត្រូវធ្វើជាផ្ទះទទួលក្រុម Arsenal។
ក្រុម AFC Wimbledon គឺជាក្លិបដែលមានចំណាត់ថ្នាក់ទាបបំផុតនៅតែស្ថិតក្នុងការចាប់ឆ្នោត ប៉ុន្តែពួកគេមិនទាន់អាចលេងការប្រកួតជុំទី៣របស់ខ្លួនជាមួយនឹងក្រុម Newcastle ទេ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារតែទឹកជំនន់នៅឯកីឡដ្ឋាន Cherry Records។
ការប្រកួតត្រូវបានកំណត់ឡើងវិញនៅថ្ងៃទី១ ខែតុលា ហើយនឹងធ្វើឡើងនៅកីឡដ្ឋាន St James’ Park របស់ Newcastle ដោយអ្នកឈ្នះនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Chelsea ក្នុងជុំទី៤។
ការប្រកួតជុំទី៤នេះនឹងត្រូវលេងចាប់ពីថ្ងៃទី២៨ ខែតុលាខាងមុខនេះ។ ខាងក្រោមនេះគឺជាគូប្រកួតសម្រាប់ប៉ះគ្នានៅ League Cup ប្រកួតជុំទី៤៖
Brentford ប៉ះ Sheffield Wednesday
Southampton ប៉ះ Stoke
Tottenham ប៉ះ Manchester City
AFC Wimbledon ឬ Newcastle ប៉ះ Chelsea
Manchester United ប៉ះ Leicester City
Brighton ប៉ះ Liverpool
Preston ប៉ះ Arsenal
Aston Villa ប៉ះ Crystal Palace៕
(រូបភាព ៖ BBC Sport)