ភ្នំពេញ ៖ លិខិតបំភ្លឺ ករណី ការបង្ហោះវីដេអូឃ្លីបរបស់ទំព័រសារព័ត៌មាន ឈ្មោះ “បក្សីត្រចៀកកាំ” ក្រោមចំណងជើងថា “អ្នកទោសក្នុងពន្ធនាគារ (ព្រៃស) ប្រើទូរស័ព្ទប្រព្រឹត្តបទល្មើសគ្រឿងញៀនយ៉ាងពេញបន្ទុក… បែកធ្លាយ ក្រោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបានជាង ៤០០kg កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤”
ក្រោយពីបានឃើញការបង្ហោះវីដេអូឃ្លីបអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់សារព័ត៌មានអនឡាញមួយ ឈ្មោះ “បក្សីត្រចៀកកាំ” កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចំនួន ៤០០គីឡូក្រាម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដែលសារ ព័ត៌មានអនឡាញខាងលើបានលើកឡើង អគ្គនាយកដ្ឋានពន្ធនាគារបានចាត់មន្ត្រីជំនាញចុះទៅធ្វើការស្រាវជ្រាវ ករណីខាងលើនៅមណ្ឌលអប់រំកែប្រែទី១ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ដើម្បីបំបាត់មន្ទិលសង្ស័យពីសំណាក់មជ្ឈដ្ឋានទូទៅ ក៏ដូចជាស្ថាប័នសារព័ត៌មាន អ្នកនាំពាក្យនៃអគ្គ នាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃមានកិត្តិយសសូមធ្វើការបំភ្លឺជាសាធារណៈ ដូចខាងក្រោម៖
១. ប្រភពព័ត៌មានយកមកផ្សព្វផ្សាយត្រូវបានដកស្រង់ពីសកម្មភាពអនាមិករបស់គណនីហ្វេសប៊ុកក្លែង ក្លាយមួយ ឈ្មោះថា “កំសត់ កូនពុកម៉ែ” ដែលបានធ្វើសកម្មភាពបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈការបញ្ចេញមតិ តាមទំព័រហ្វេសប៊ុករបស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល។
២. ការបង្កើតព័ត៌មានដោយផ្ទុបព្រឹត្តិការណ៍ចំនួន៣ បញ្ចូលគ្នា ដើម្បីបង្កើតចេញជាសាច់រឿងតែមួយ ក្នុង នោះទោះបីព្រឹត្តិការណ៍ចំនួន២ រួមមាន៖ ករណីពិរុទ្ធជនឈ្មោះ យ័ន គុយហេង និងករណីជនជាប់ឃុំវាយគ្នាក្នុង បន្ទប់លេខ៩ អគារC ក្នុងមណ្ឌលអប់រំកែប្រែទី១ កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ត្រូវបានអគ្គនាយកដ្ឋាន ពន្ធនាគារមានចំណាត់ការដាក់វិន័យរដ្ឋបាលចំពោះមន្ត្រីពាក់ព័ន្ធចំនួន០៥រូប និងវិធានការតាមផ្លូវតុលាការលើជន បង្ក រួមទាំងការបំភ្លឺជាសាធារណៈរួចមកហើយក្តី ក៏សារព័ត៌មានបក្សីត្រចៀកកាំ នៅតែធ្វើការអត្ថាធិប្បាយបំភ្លៃជា រឿងមួយថ្មី បង្កើតជាព័ត៌មានមិនពិតតែមានក្ខណៈទាក់ទាញអារម្មណ៍មហាជន និងក្នុងន័យវាយប្រហារទៅលើ បុគ្គល និងអង្គភាពទៅវិញ។
៣. ចំពោះករណី ដែលបានលើកឡើងថា សកម្មភាពដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ៤០០គីឡូក្រាម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ មានការបញ្ជាចេញពីពន្ធនាគារដោយជនជាប់ឃុំឈ្មោះ “យៀក” និងឈ្មោះ “រាជ” ក្រុមការងារជំនាញបានចុះស្រាវជ្រាវ និងសាកសួរជនត្រូវចោទឈ្មោះ អេង គីមសាយ និងឈ្មោះ ដាំ ប្រុសពៅ តាមតម្រុយពីរបាយការណ៍ លេខ០១៦ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ របស់មន្ទីរ ប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាលទ្ធផល ក្នុងចំណោមជនជាប់ឃុំសរុប ចំនួន៧.៩៣១ នាក់ នៅមណ្ឌលអប់រំកែប្រែទី១ មានឈ្មោះ “យៀក” ចំនួន០៣នាក់ និងឈ្មោះ “រាជ” ចំនួន២៧នាក់ តែពុំមានជន ជាប់ឃុំណាម្នាក់ត្រូវឈ្មោះ ដាំ ប្រុសពៅ និងឈ្មោះ អេង គីមសាយ អាចកំណត់ថាជាមេក្លោងពាក់ព័ន្ធករណីបញ្ជា ចេញពីមណ្ឌលអប់រំកែប្រែទី១ ដូចការអះអាងរបស់ខ្លួនបានឡើយ។
៤. ទោះបីលទ្ធផលពេលនេះនៅពុំទាន់អាចកំណត់មុខសញ្ញាឈ្មោះ “យៀក” និងឈ្មោះ “រាជ” តាមចម្លើយ មិនច្បាស់លាស់របស់ជនត្រូវចោទឈ្មោះ ដាំ ប្រុសពៅ និងឈ្មោះ អេង គីមសាយ អគ្គនាយកដ្ឋានពន្ធនាគារ និង មណ្ឌលអប់រំកែប្រែទី១ នៅតែបន្តផ្តល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយមន្ត្រីមានសមត្ថកិច្ច ដើម្បីយកអ្នកពាក់ ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ខាងលើយកមកផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។
៥. តាមការពិនិត្យចំពោះទង្វើរាតត្បាតបង្កបញ្ហា អុចអាលបំភ្លៃការពិតរបស់គណនីហ្វេសប៊ុកក្លែងក្លាយ ឈ្មោះ “កំសត់ កូនពុកម៉ែ” តាមទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំជាឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អគ្គ នាយកដ្ឋានពន្ធនាគារនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយពុំលើកលែងឡើយ។
ក្នុងនាមអង្គភាពសាធារណៈ អគ្គនាយកដ្ឋានពន្ធនាគារសូមអំពាវនាវការសហការផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន និងប្រភពច្បាស់លាស់ ចៀសវាងការធ្វើអត្ថាធិប្បាយប្រឌិត មានចរិតជា ព័ត៌មានអុចអាល វាយប្រហារជាន់ឈ្លីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
សេចក្តីដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបដោយ សុភវិនិច្ឆ័យ៕
ដោយ ៖ សិលា