ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២រដ្ឋសភា និង លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកស្រីទាំងទ្វេ បានអញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តត្រពាំងព្រីង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលស្រុក/ក្រុង យាយជីតាជី ព្រមទាំងបងប្អូនប្រជាពលរដ្ឋកាន់បិណ្ឌវេណទី១៣យ៉ាងច្រើនកុះករ។
លោក វង សូត អនុប្រធានទី២រដ្ឋសភា និង លោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងលោកស្រី ទាំងទ្វេ បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតចេញពីពិធីកាន់បិណ្ឌទី១៣នេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធទាំងអស់ បានកើតក្នុងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋពុទ្ធបរិស័ទក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស លើការបន្តថែរក្សាទំនៀមទំលាប់ដ៏ល្អផូរផង់នេះ លោក និងលោកស្រីបានប្រគេននូវគ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃនិងប្រគេនបច្ច័យមួយចំនួនទៀត ចូលរួមកាន់បិណ្ឌវេនទី១៣ និងទុកកសាងសមិទ្ធផលនានាបន្តទៀតដល់វត្តត្រពាំងព្រីងនេះផងដែរ។
ក្នុងពិធីកាន់បិណ្ឌទី១៣នេះដែរ លោក វង សូត និងលោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងលោកស្រី បាននាំយកបច្ច័យទេយ្យទាន ទេយ្យវត្ថុ សម្រាប់ប្រគេនព្រះសង្ឃ រួមមាន៖ លោកគ្រូចៅអធិការវត្ត១អង្គ សាដក១ បច្ច័យ២០ម៉ឺនរៀល ព្រះសង្ឃធ្វើកិច្ច៧ អង្គ ក្នុង១អង្គ សាដក១ បច្ច័យ១០ម៉ឺន រៀល អង្ករ០៤បាវ ទឹកក្រូច០៨កេស ទឹកបរិសុទ្ធ០៦កេស ត្រីខ០៦កេសធំ មីម៉ាម៉ា៩កេសធំ ទឹកស៊ីអ៊ីវ ៦យូរ ទឹកត្រី ៤យូរ តែ៤យូរ ទឹកដោះគោ ១៦កំប៉ុង ស្កសរ ១០កញ្ចប់ និងបច្ច័យសរុបជាង៧លានរៀលផងដែរ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក និងក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមបណ្ដាទីវត្តអារាមនានា។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២៤នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤៕
ដោយ ៖ សិលា