សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្សាយថា ប្រធានាធិបតី លោក Masoud Pezeshkian បាននិយាយថា អុីស្រាអែលមិនគួរត្រូវបានអនុញ្ញាតឱ្យធ្វើការវាយប្រហារមកលើប្រទេសដែលមានចលនាប្រដាប់អាវុធគាំទ្រដោយអុីរ៉ង់ម្តងហើយម្តងទៀតនោះទេ។
នៅក្នុងការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Pezeshkian បានគូសបញ្ជាក់ថា «យើងមិនគួរទុកឱ្យអ្នកប្រយុទ្ធលីបង់ ស្ថិតក្នុងសមរភូមិតែឯង ហើយបណ្តោយឱ្យអ៉ីស្រាអែល បើកការវាយប្រហារមកលើបណ្តាប្រទេសដែលមានចលនាប្រដាប់អាវុធ ជាសម្ព័ន្ធមិត្តរបស់យើងម្តងមួយៗនោះឡើយ»។ ខណៈមេបញ្ជាការងនៃកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Abbas Nilforoushan ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែលបានសម្លាប់មេដឹកនាំហេសបូឡាហ៍ដែរនោះ។ លោក Pezeshkian បន្ថែមថា «យើងមិនអាចទទួលយកសកម្មភាពដូចនេះបានទេ ហើយក៏មិនទុកឱ្យពួកគេមិនទទួលបានការឆ្លើយតបនោះដែរ។ ប្រតិកម្មធ្ងន់ធ្ងរត្រូវតែធ្វើឡើងដាច់ខាត»។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហ៊ូទី នៅប្រទេសយេម៉ែន ដែលជាការប្រឈមមុខដាក់គ្នាថ្មីមួយទៀត ជាមួយសម្ព័ន្ធមិត្តអ៉ីរ៉ង់នៅក្នុងតំបន់ ក្រោយការសម្លាប់មេដឹកនាំក្រុមហេសបូឡាហ៍ លោក Hassan Nasrallah នៅឯលីបង់៕ ដោយធីរីណា