ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ច នៃអធិការនគរបាលស្រុកគងពិសី បានចុះប្រតិបត្ដិការស្រាវជ្រាវឃាត់មុខសញ្ញាក្មេងទំនើង ០៦នាក់ ដែលបង្កហិង្សាកាប់វាយបំផ្លាញម៉ូតូដោយប្រេីពូថៅដុំថ្មនិងខ្សែក្រវ៉ាត់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ និងដកហូតពូថៅ ខ្សែក្រវាត់ ម៉ូតូពីរគ្រឿង ដែលជាវត្ថុតាងជាក់ស្ដែង។
បេីតាមការលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងប្រតិបត្ដិការស្រាវជ្រាវឃាត់មុខសញ្ញាក្មេងទំនើង ០៦នាក់ (បង្កហឹង្សាកាប់ដោយពូថៅ) បានប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិក្រាំងឬស្សី ឃុំមហាឫស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បណ្ដាលឲ្យជនរងគ្រោះ ០៣នាក់ រងរបួស និងខូចខាតម៉ូតូមួយគ្រឿង ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី បានឱ្យដឹងទៀតថា មុខសញ្ញាសង្ស័យដែលនគរបាលឃាត់រួមមាន ០៦នាក់ ៖(១)ឈ្មោះ ឡន សុខលីម ភេទប្រុស អាយុ១៨ឆ្នាំ ម្ចាស់ពូថៅ (២)ឈ្មោះ ស៊ីម សាលីន ភេទប្រុស អាយុ១៧ឆ្នាំ (៣) ឈ្មោះ ប៊ុន ស័ក្ដការីន ភេទប្រុស អាយុ១៨ឆ្នាំ ប្រេីដុំថ្មវាយបំផ្លាញម៉ូតូ (៤)ឈ្មោះសំ បូរស្មី ប្រុស អាយុ១៦ឆ្នាំ (៥)ឈ្មោះញ៉េម រាជ ប្រុស អាយុ១៨ឆ្នាំ (៦)ឈ្មោះ ញឹម យុទ្ធ (ហៅកាវ) ភេទប្រុស អាយុ១៨ឆ្នាំ ។ ដកហូតបានពូថៅ ១ ,ដុំថ្ម១ដុំ , ម៉ូតូ ០២គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖តារា