រដ្ឋមន្រ្តីក្រសួងរ៉ែ៖ បើទោះបីជាកម្ពុជា បាននាំចូល​ថាមពលពីប្រទេសជិតខាង សម្រាប់ប្រើប្រាស់ក៏ដោយ ប៉ុន្តែមិនឱ្យលើសពី ៣០%នៃការប្រើប្រាស់សរុបនោះទេ

ចែករំលែក៖

ភ្នំពេញ៖ ​លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ បានលើកឡើងថា ​បើទោះបីជាកម្ពុជា បាននាំចូល​ថាមពលពីវៀតណាម ពីថៃ និងឡាវ​ សម្រាប់ប្រើប្រាស់ក៏ដោយ ប៉ុន្តែមិនឱ្យលើសពី ៣០%នៃការប្រើប្រាស់សរុបនេះនោះទេ។ ហើយនេះ គឺជាគោលការណ៍តាំងពីរដ្ឋាភិបាលពីអាណត្តិចាស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតមកដល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។​ ការលើកឡើង​របស់​លោករដ្ឋមន្ត្រី​ កែវ​ រតនៈ​​ ក្នុងឱកាសឡើងធ្វើបាឋកថាស្តីពី ​«គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីរសៀលថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២៤​​ម្សិលមិញ​នេះ។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ការទិញភ្លើងពីបរទេស មិនមែនមានន័យថា កម្ពុជាពឹងដង្ហើមគេដកនោះទេ ប៉ុន្តែជាបំពេញបន្ថែម បម្រើឱ្យផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេស ស្របពេលដែលបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទិញថាមពលអគ្គិសនីមួយចំនួន ពីប្រទេសជិតខាង។

លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា ការនាំចូលនេះ គឺជាការបំពេញបន្ថែម ដើម្បីឱ្យកម្ពុជាមានថាមពលភាគច្រើន នៅក្នុងដៃរបស់ខ្លួន ដើម្បី​សម្រេចបាននូវសន្តិសុខថាមពល ខណៈប្រទេសនានា ក៏ធ្វើបែបនេះដូចគ្នា។ ជាក់ស្តែងវៀតណាម ដែលកំពុងលក់ភ្លើងជាង ២០០មេហ្គាវ៉ាត់ឱ្យកម្ពុជា ​ប៉ុន្តែវៀតណាមក៏កំពុងទិញភ្លើងជាង ៦០០មេហ្គាវ៉ាត់ពីចិន និងរាប់ពាន់មេហ្គាវ៉ាត់ពីឡាវ​។ ចំណែកថៃវិញ ដែលកំពុងលក់ភ្លើងតិចតួចឱ្យកម្ពុជា ក៏កំពុងទិញភ្លើងរាប់ពាន់មេហ្គាវ៉ាត់ ពីឡាវផងដែរ។ រីឯសហរដ្ឋអាមេរិក ក៏ទិញពីកាណាដា សម្រាប់បំពេញតម្រូវការក្នុងស្រុកដូចគ្នា។

លោករដ្ឋមន្ត្រី​ បន្តថា «ដូច្នេះការទិញទៅវិញទៅមក ដើម្បីបំពេញបន្ថែមផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេស គឺជាផលចំណេញដែលគេធ្វើទូទាំងពិភពលោក មិនមែនតែកម្ពុជាយើងនោះទេ»។

ការលើកឡើងរបស់ លោករដ្ឋមន្ត្រី​ ក៏ស្របពេលដែលកម្ពុជា មិនជ្រើសរើស យកជម្រើសសាងសង់ទំបន់វារីអគ្គិសនីនៅដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ខណៈការអនុញ្ញាតឱ្យសាងសង់ ​ទំបន់វារីអគ្គិសនីនៅដងទន្លេមេគង្គ កម្ពុជានឹងទទួលបានថាមពលបន្ថែមប្រមាណពី ៨០០មេហ្គាវ៉ាត់ ឬ១០០០មេហ្គាវ៉ាត់ ។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ទៀត​ថា បើទោះបីជាកម្ពុជា មិនសូវសំបូរទីតាំងក្នុងការសាងសង់វារីអគ្គិសនី ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលតាំងពីអាណត្តិចាស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតមកដល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ មិនអនុញ្ញាតឱ្យ​សាងសង់ទំបន់វារីអគ្គិសនីនៅដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនោះ គឺដើម្បីកុំឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។ ដូច្នេះហើយទើបរដ្ឋាភិបាលសុខចិត្តចរចាទិញភ្លើងពីឡាវ មកបំពេញបន្ថែម។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ «ដូច្នេះយើងត្រូវការឱ្យមានតុល្យភាពមួយសមស្រប។ ឧទារហរណ៍ផលប្រយោជន៍ ដែលទទួលបាន ៨០០មេហ្គាវ៉ាត់ ឬ១០០០មេហ្គាវ៉ាត់ នៅដងទន្លេគង្គ នៅខេត្តស្ទឹងត្រែង បើធ្វើទំបន់ហ្នឹងគឺបានផលច្រើន បានភ្លើងច្រើនភ្លាម ប៉ុន្តែយើងខ្ញុំក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ពីអតីតកាលដែលគាត់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាសម្តេចមហាបវរធិបតី គឺយើងគិតថាផលដែលបានមកពី ៨០០មេហ្គាវ៉ាត់ ឬ១០០០មេហ្គាវ៉ាត់ គឺមិនសក្កសមនឹងការបាត់បង់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គទេ ​ប្រទេសគេអាចជ្រើសរើសបាន។ ​យើងចង់បានភ្លើងដែរ តែត្រូវគិតគូរពីផលប៉ះពាល់មួយចំនួន ដែលយើងចង់ឱ្យតម្លៃ អ៊ីចឹងហើយបានយើងមិនធ្វើ»​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print