ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ ក្នុងនោះមានគម្រោងមួយដែលជាគម្រោងប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។
បើតាមការបញ្ជាក់ពីលោករដ្ឋមន្ដ្រី កែវ រតនៈ តាមរយៈបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលរសៀលថ្ងៃទី០៤ ខែតុលាម្សិលមិញនេះ បានឱ្យដឹងថា៖ គម្រោងទាំង២៣គម្រោងនេះ មានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដែលសុទ្ធតែជាថាមពលស្អាតមានរហូតដល់ ២១គម្រោង ពោលក្នុងនោះរួមមាន ថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ និងថាមពលខ្យល់ ឈរលំដាប់លេខ៣។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សប្ដាហ៍មុននេះ តាមសំណើរបស់ក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ដែលជាគណៈកម្មការត្រួតពិនិត្យការវិនិយោគបន្ដទៀតរបស់រាជរដ្ឋាភិបាល បានស្នើកញ្ចប់វិនិយោគ ដែលមានគម្រោងចំនួន២៣ ក្នុងនោះមានគម្រោងចំនួន២១ ជាគម្រោងថាមពលស្អាត។ គម្រោងជាង ២ពាន់មេហ្គាវ៉ាត់ដើរ ដោយពន្លឺព្រះអាទិត្យ (១២គម្រោង), គម្រោងដើរដោយថាមពលខ្យល់ ដែលជាគម្រោងលើកទី១ ក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ដ្រី បានបន្ថែមថា គម្រោងដែលត្រូវបានគណៈរដ្ឋមន្ដ្រីអនុម័តនេះ គឺជាការយកមូលដ្ឋានគ្រឹះក្នុងអាណត្តិចាស់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មកពង្រឹង និងពង្រីកថាមពលស្អាតឲ្យកាន់តែធំ តាមរយៈការពង្រីកថាមពលដើរដោយពន្លឺព្រះអាទិត្យ ហើយយកទៅពង្រីកទៅប្រភេទថ្មីមួយទៀត គឺថាមពលដើរដោយកម្លាំងខ្យល់ ដែលមានអានុភាពសរុបចំនួន៩០០មេហ្គាវ៉ាត់ មានចំនួន៦គម្រោងនៅក្នុងខេត្តមណ្ឌលគិរី។
ក្រៅពីគម្រោងវិនិយោគបន្ថែមថ្មីនេះ លោករដ្ឋមន្ដ្រី កែវ រតនៈ បានគូសបញ្ជាក់នូវគម្រោងមួយទៀត គឺការបង្កើតឡើងនូវវារីអគ្គិសនី ដែលអាចបូមទឹកយកមកប្រើប្រាស់ម្ដងទៀតបាន ពោលស្ដុកថាមពលទុក សម្រាប់ត្រៀមបម្រុងប្រើប្រាស់ក្នុងករណីដាច់ភ្លើង ដែលគម្រោងនេះត្រូវធ្វើឡើងដើម្បីធានា ដល់ស្ថេរភាពនៃការប្រើប្រាស់ថាមពលអគ្គិសនី និងបង្ការការដាច់ភ្លើង ដែលភាសាបច្ចេកទេសហៅថា Battery Energy Storage System (BESS)។
គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនី ដែលបានគ្រោងទុក។
គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។ ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។
គម្រោងវិនិយោគទាំង២៣គម្រោងខាងលើ មានទុនវិនិយោគសរុបចំនួន ៥,៧៩០លានដុល្លារអាម៉េរិក។ តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ខាងលើ មានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា ដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់អគ្គិសនីឱ្យនៅដដែល ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេច ឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕