ភ្នំពេញ ៖ សង្ស័យភ្លៀងមួយមេធំកាលពីយប់មិញនេះ បណ្តាលអោយទឹកហូរច្រោះដីសួនច្បារនាគបាញ់ទឹក បង្កទៅជាការបាក់ស្រុតដីជម្រៅជាង១០ម៉ែត្រ បណ្តាលអោយដើមក្ងោកមួយដើម ដួលសង្កត់លើសួនច្បារនាគបាញ់ទឹក តែសំណាងល្អមិនបង្កអោយនរណារងរបួសនោះឡើយ ។
ករណីនេះដែរបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥ នឹង ៣៥នាទីព្រឹកព្រលឹមថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៤ នៅលើសួនច្បារនាគបាញ់ទឹក ដែលនៅតាមបណ្តោយមហាវិថី ព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៍មានពលរដ្ឋជាអ្នកដើរហាត់ប្រាណបានប្រាប់អោយដឹងថា គាត់បានដើរហាត់ប្រាណនៅតាមសួនច្បារនៅចំណុចកើតហេតុនេះជារៀងរាល់ព្រឹកព្រលឹម ប៉ុន្តែនៅវេលាម៉ោង ប្រមាណជា ៥នឹង ៣០នាទីព្រឹកព្រលឹម ខណៈគាត់បានជិះម៉ូតូមកឈប់ ដើម្បីដើរហាត់ប្រាណ ក៍ស្រាប់តែបានឃើញដើមឈើមួយដើម ប្រភេទដើមក្ងោក បានរលើងគល់ដួលសង្កត់មកលើសួនច្បារ រួមជាមួយនឹង ការ៉ូឡាជាច្រើនដុំ បានស្រុតចុះទៅក្រោមដី ដែលមានជម្រៅប្រមាណជិត ១០ម៉ែត្រ ទើបភ្លាមៗគាត់បានប្រញាប់ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានជួយមកចុះត្រួតពិនិត្យទីតាំងកើតហេតុនេះតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ដោយគាត់បានសង្ស័យ អាចបណ្តាលមកពីយប់មិញនេះមេឃភ្លៀងបានបង្អុលទឹកភ្លៀងមួយមេយ៉ាងធំ ប្រហែលជា០៤ទៅ០៥ម៉ោង ដែលអាចជាហេតុធ្វើអោយទឹកហូរលឿនច្រោះដីបន្តិចម្តងៗ រហូតធ្វើអោយមានការបាក់ស្រុតដីបែបនេះ ។
បច្ចុប្បន្ន មន្រ្តីជំនាញសាធារណៈការរាជធានីបានចុះមកត្រួតពិនិត្យដើម្បីស្វែងរកនូវមូលហេតុពិតប្រាកដ ដែលធ្វើអោយមានការបាក់ស្រុតនេះ នឹងកំពុងសិក្សាក្នុងការជួសជុលនូវចំណុចស្រុតនេះឡើងវិញផងដែរ ៕
ដោយ ៖ រ៉ារ៉ា