ភ្នំពេញ : កឋិនទាន គឺជា បុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយសង្ឃត្រូវក្រាលគ្រងឱ្យ ត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់ ៣ខែដោយមិនដាច់វស្សា ទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស៥យ៉ាងគឺ១. មានប្រាជ្ញាភ្ញៀវភ្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មានទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រក្នុងជាតិណាមួយពុំខានឡើយ។ ចំណែកបដិគ្គាហកៈ(អ្នកទទួល) ក៏បានអានិសង្ស៥ដូចគ្នាគឺ ១.និមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២. និមន្តទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ ៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗ ក៏មានលទ្ធភាព អាចទទួលបាននូវ បរិវារកឋិនរួមមាន៖ សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។
បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូច
-ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម
– ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងគង់វង្សស្ថិតស្ថេរនៅយូរអង្វែង
-ដើម្បីផ្តល់កម្លាំងកាយ ចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ
– ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ
– ដើម្បីកុំឱ្យកើតសេចក្តីប្រមាថចំពោះមហាកុសលរបស់ខ្លួន។
ឆ្នាំនេះ កឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១រោច ខែអស្សុជ ដល់ថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដើម្បីឱ្យការរៀបចំ បុណ្យកឋិនទាន ប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឱ្យ ស្របទៅនឹងសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លេខ១០/២០២៤ គជបអ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងធម្មការនិងសាសនា សូមទូលថ្វាយ ប្រគេន និងធ្វើការណែនាំដល់មន្ទីរ ធម្មការនិងសាសនារាជធានី ខេត្ត ដូចខាងក្រោម៖
-សូមយកព្រះទ័យ និងយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីកឋិនទាន ស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត សូមយកព្រះទ័យ និងយកចិត្តទុកដាក់ អនុវត្តអភិក្រម វត្ត ស៣ របស់ក្រសួងធម្មការនិងសាសនា
(ស្អាត ស្វាង ស្ងប់) ឱ្យបានគ្រប់វត្តទូទាំងប្រទេស -គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីធ្លាវត្ត ផ្លូវថ្នល់ បូជនីយដ្ឋាន តុបតែងលម្អ បំភ្លឺភ្លើង លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក គតិលោក គតិធម៌ និងពុទ្ធភាសិតជាដើម
-គ្រប់វត្តអារាម ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែង រៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗ
-ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជនជាដើម ឬធ្វើសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្យានុភាពព្រះពុទ្ធសាសនា។
ទទួលបានសេចក្តីណែនាំនេះ សូមសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងលោកប្រធាន មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ : សិលា