សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីចុងសប្តាហ៍ មនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោកបានដើរតាមផ្លូវដើម្បីតវ៉ាទាមទារឱ្យបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាជម្លោះដែលរីករាលដាលពាសពេញមជ្ឈឹមបូព៌ានាពេលថ្មីៗនេះ។ ការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងនៅមុនថ្ងៃគម្រប់ខួបលើកទី 1 នៃការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអុីស្រាអែល ដែលបានសម្លាប់មនុស្ស 1,200 នាក់។
ពលរដ្ឋប្រហែល 40,000នាក់ គាំទ្រប៉ាឡេស្ទីនដើរកាត់កណ្តាលទីក្រុងឡុងដ៍; នៅទីក្រុងប៉ារីស ទីក្រុងរ៉ូម ម៉ានីល ខេបថោន និងញូវយ៉ក ក៏មានមនុស្សរាប់ម៉ឺននាក់ដើរតាមដងផ្លូវផងដែរ។ នៅជិតសេតវិមាន ហ្វូងមនុស្សបានតវ៉ាចំពោះការគាំទ្រដែលសហរដ្ឋអាមេរិកបានផ្តល់ដល់អុីស្រាអែលក្នុងយុទ្ធនាការយោធារបស់ខ្លួនទាំងនៅក្នុងតំបន់ហ្គាហ្សា និងលីបង់។ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាទៅកាន់តំបន់ Times Square (ញូវយ៉ក) ដោយស្រែកពាក្យស្លោកគាំទ្រប្រជាជនហ្គាហ្សា និងប្រជាជនលីបង់ ដោយទាមទារឱ្យមានការដាក់ទណ្ឌកម្មលើអុីស្រាអែល។
នៅទីក្រុងហ្សាការតា នៅព្រឹកថ្ងៃទី៦ ខែតុលា យ៉ាងហោចណាស់ អ្នកគាំទ្រប៉ាឡេស្ទីន ១០០០នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិក ទាមទារឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អុីស្រាអែល។ ទីក្រុងជាច្រើនផ្សេងទៀតក៏បានកត់ត្រាការតវ៉ាផងដែរ។
ទីក្រុងឡុងដ៍ក៏បានឃើញអ្នកគាំទ្រអុីស្រាអែលគ្រវីទង់ នៅពេលដែលហ្វូងមនុស្សគាំទ្រប៉ាឡេស្ទីនដើរកាត់។ ប៉ូលិសទីក្រុងរ៉ូមបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកនៅពេលដែលមានការប៉ះទង្គិចគ្នាបានកើតឡើង។ មនុស្សប្រហែល 6,000 នាក់បានមិនស្តាប់បង្គាប់ការហាមឃាត់ការដើរក្បួននៅមុនថ្ងៃខួបលើកទី 1 នៃការវាយឆ្មក់៕ ដោយធីរីណា