ភ្នំពេញ÷ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៨២ ក្រោមអធិបតីភាពលោក ឯក សំអុល សមាជិក គណៈ
អចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ប្រធាន អនុប្រធាននៃបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនសិក្ខាកាមដែលជាមន្រ្តីគណបក្សមកពីបណ្តា គណបក្សក្រសួង ស្ថាប័ន គណបក្ស រាជធានី ខេត្ត និងយុវជនបង្គោលរបស់គណបក្ស សរុប១៥០នាក់ នៅវិមាន ៧ មករា ដ៏ធំស្កឹមស្កៃ ។
ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស លោក ឯក សំអុល បានសម្តែងការសប្បាយ រីករាយយ៉ាងខ្លាំង ដោយមានកិត្តិយសបានមកចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨២ នាពេលនេះ និងបាននាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល ។
លោក ឯក សំអុល ថ្លែងថា វគ្គអប់រំនយោបាយ ដែលកំពុងចាប់ផ្ដើមប្រព្រឹត្តទៅនេះ ស្របពេលដែលកម្ពុជាយើងបាន និងកំពុងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។ រាជ រដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលនយោបាយសម្រាប់ទ្រទ្រង់នូវការអនុវត្តកម្មវិធីនយោបាយនេះ ហើយដែលបាន និងកំពុងចាត់តាំងអនុវត្តលើគ្រប់វិស័យការងាររបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម និងប្រកបដោយលទ្ធផលគួរជាទីពេញចិត្តយ៉ាងក្រៃលែង ។
លោកបានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្ត្រីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាគោលការណ៍ចម្បងរបស់គណបក្ស ដែលតែងតែបានចាត់តាំងអនុវត្តក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស ។ វគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨២ នាពេលនេះ មានគោលដៅបម្រើសំណូមពរពង្រឹងជួរមន្ត្រីគណបក្ស ជាពិសេសមន្ត្រីបន្តវេនឲ្យមានការយល់ដឹង មានការត្រិះរិះពិចារណាបានត្រឹមត្រូវ និងមានការឯកភាពគ្នាខាងទស្សនៈ សតិអារម្មណ៍ គោលជំហរ និងសកម្មភាពក្នុងការអនុវត្តលក្ខន្តិកៈកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្ស ។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយជំនាន់ទី៨២ នេះ ទទួលបានលទ្ធផលល្អ លោក ឯក សំអុល ក៏បានស្នើឲ្យយកចិត្តទុកដាក់លើប្រការមួយចំនួនរួមមាន៖ ១.គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលមានតួនាទីជាគណៈគ្រប់គ្រងវគ្គផងដែរនោះ ត្រូវខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនេះឲ្យបានល្អ និងទាន់ពេលវេលា ។ ក្នុងករណីជួបប្រទះការលំបាក ត្រូវសុំយោបល់ដោះ ស្រាយពីគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មា ធិការកណ្តាល ២.សូមគ្រូឧទ្ទេសនាមគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួន ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ ៣.សិក្ខាកាមគ្រប់ រូបត្រូវប្រមូលផ្ដុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពថែមទៀត និងទី ៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត ថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាមជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គដោយស្មារតីយោគយល់ និងសុខដុមរមនា៕
ដោយ៖ សុរិយា