ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានលួចម៉ូតូរបស់ម្ចាស់បន្ទប់បម្រុងយកមកសុីគ្រឿងហ្សីនដាក់គ្រឿងអាយ តែត្រូវបានម្ចាស់ម៉ូតូឆែកឃើញតាមប្រព័ន្ធGPS ប្តឹងប៉ូលិសចាប់វាយខ្នោះបានភ្លាមៗ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤. ស្ថិតនៅផ្លូវ២៥៣ កែងនិងផ្លូវ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើមានឈ្មោះ ឡេង ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលបន្ទប់ទឹកនិងប្រព័ន្ធលូ ។
បើតាមសម្តីជនរងគ្រោះដែលជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ1N-2420 ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលភ្ជុំបិណ្ឌប្រហែលជាបីថ្ងៃ បន្ទប់ទឹករបស់គាត់បានស្ទះទឹក ហើយម្ចាស់ផ្ទះជួលបានឲ្យគាត់ហៅជាងមកជួសជុល ពេលនោះជនរងគ្រោះបានហៅជនសង្ស័យខាងលើមកមើលហើយវាយតម្លៃថ្លៃជួសជុល ដោយចរចារតម្លៃគ្នាមិនត្រូវ ទើបម្ចាស់ផ្ទះជួលហៅជាងផ្សេងឲ្យមកធ្វើ ។
រហូតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ជនសង្ស័យ ក៏បានលួចគាស់បន្ទប់ជួលរបស់ជនរងគ្រោះយកម៉ូតូរបស់គាត់ជិះចេញពីបន្ទប់ជួលនៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ បម្រុងយកទៅសុីគ្រឿងហ្សីន ដាក់គ្រឿងអាយនៅម្តុំឃ្លាំងរំសេវ តែត្រូវបានម្ចាស់ម៉ូតូខាងលើឆែកតាមប្រព័ន្ធGPSឃើញនៅផ្លូវ២៥៣កែងនិងផ្លូវ១៨៦ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ បញ្ជូនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក និងប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញនគរបាលខណ្ឌពោធិសែនជ័យចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ