អភិបាលខេត្តក្រចេះ ណែនាំអាជ្ញាធរ បន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោក-លោកស្រី នាយក នាយករង រដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៧ និងមន្ត្រីពាក់ព័ន្ធ។

នាឱកាសនោះដែរ លោក  វ៉ា ថន អភិបាលខេត្ត ក៏បានប្រគល់សេចក្តីសម្រេចប្រកាសតែងតាំង លោក ផន វុទ្ធី ជានាយករងរដ្ឋបាលខេត្ត។

លោក  វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរក្រុង/ស្រុក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំរបាយការណ៍ឱ្យបានលំអិត និងទាន់សភាពការណ៍ ស្តីពីផ្ទៃដីស្រែដែលខូចខាត និងបរិមាណតំរូវការស្រូវពូជទៅតាមគ្រួសារនីមួយៗ ដើម្បីរដ្ឋបាលខេត្តសម្របសម្រួលចាត់ចែងការស្តារឡើងវិញ ជូនប្រជាពលរដ្ឋ ហើយកិច្ចការងារចំពោះមុខនេះគឺត្រូវត្រៀមស្ដារឡើងវិញ ហើយផ្ទៃដីដែលខូចខាតដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ត្បិតតែឆ្នាំនេះទឹកបានហក់ឡើងខ្លាំង តែផលប៉ះពាល់ផ្ទៃដីស្តារឡើងវិញ ចំនួន ៥,៨៧២ហិចតា ស្មើនឹង ៦,១១៩គ្រួសារ។

លោក  វ៉ា ថន បានមានប្រសាសន៍ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក/ក្រុង ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ឹងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ 

លោក បានបន្ថែមទៀតថា អាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍក្នុងខេត្ត។ 

ដោយឡែក បញ្ហាអនាម័យនៅទីតាំងសត្តឃាតដ្ឋាន នៅជិតសកលវិទ្យាល័យក្រចេះ ដែលលោកអភិបាលរងខេត្ត បានលើកឡើង ត្រូវបាន ឯកឧត្តម អភិបាលខេត្ត ណែនាំឱ្យដល់មន្ទីរកសិកម្មខេត្តចុះពិនិត្យ បន្តតាមដាន ដោះស្រាយ និងណែនាំដល់ម្ចាស់កែតម្រូវទីតាំងអោយបានស្អាត និងអនាម័យល្អ ។

លោក  វ៉ា ថន បានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីធានាដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ប្រកបដោយភាពរលូន សុវត្ថិភាព តម្លាភាព និងយុត្តិធម៌ ដូចជាផ្អាកទីតាំងលក់ និងថតចម្លងឯកសារ, ណែនាំដល់ប្រតិបត្តិករសេវាកម្មស្នាក់នៅ និងម្ហូបអារហារ កុំឱ្យតំឡើងថ្លៃបន្ទប់ និងម្ហូបអារហារ, និងជួយដោះស្រាយបញ្ហាផ្សេងៗដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print